ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្សសង្កាត់វាលវង់!
ខេត្តកំពង់ចាម ៖ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្សប្រមាណ ៥០០នាក់ និងការដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិក សមាជិកា និងសកម្មជន ក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រ និងសុំភាពយុត្តិធម៌ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ឯកឧត្តម មែន ដែន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មការការកណ្ដាល អនុប្រធានគណៈប្រចាំការគណបក្សខេត្ត និងដោយមានការចូលរួមពី គណៈអចិន្ត្រៃយ៍គណៈបក្សខេត្ត/ក្រុង/សង្កាត់ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង/សង្កាត់ និងសមាជិក សមាជិកាប្រមាណជាង ៥០០នាក់ ដែលពិធីនេះធ្វើឡើងនៅវត្ត បុទមរតនៈដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្នុងជំនួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានណែនាំឱ្យសកម្មជន និងយុវជនបក្សចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានផុលផុស ក៏ដូចជាការត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះផងដែរ។
ឆ្លៀតឱកាសនេះឯកឧត្តម ប្រធានគណបក្សខេត្ត បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតមក។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលរកបានដោយកម្រ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ក៏បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំ សង្កាត់ទាំងអស់ទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងទ្វេរឡើង៕