រថយន្តធុនធំបើកបរខ្វះការប្រុងប្រយ័ត្នរ៉ែចង្កូតឡើងសួនច្បារនិងជ្រុលបុករថយន្ត១គ្រឿងទៀត រងរបួសមនុស្ស២នាក់!

0

ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំមួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរ៉េចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវរួចបន្តទៅបុកជាមួយរថយន្ត១គ្រឿងទៀត រថយន្តរងការខូចខាតទាំង២គ្រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩ និង១៥ នាទីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ ចំណុចមុខឃ្លាំងឈ្មោះ ឡៅ ទី តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមាន បុរសម្នាក់បើកបររថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2482 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានរ៉េចង្កូតមកឆ្វេងឡើងឆ្លងសួនច្បារមកបុកជាមួយរថយន្ត មួយគ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Y-0466 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា។

សូមបញ្ជាក់ផងដែរ ក្នុងករណីនេះបណ្តាលអោយរបួសមនុស្សធ្ងន់ ០១នាក់ និងស្រាល ០១នាក់ រថយន្តខូចខាតធ្ងន់ ០២គ្រឿងសួនច្បារខូចខាតប្រវែងជាង០៥ម៉ែត្រ បាក់ដើមឈើ ០១ដើម និងឃ្លាំងខូចខាតសង្ក័សី ២០ម៉ែត្រការ៉េ ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុនិងបានរាយការណ៍ទៅកម្លាំងនគរបាលជំនាញចរាចរណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Leave A Reply

Your email address will not be published.