អាមេរិក និងសម្ព័ន្ធមិត្ត ប្ដេជ្ញានឹងធ្វើឲ្យរុស្ស៊ី ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន!
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានប្តេជ្ញាថានឹងឲ្យរុស្ស៊ី ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយកងកម្លាំងរបស់ខ្លួន ចាប់តាំងពីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
យោងតាមអនុរដ្ឋលេខាធិការសហរដ្ឋអាមេរិក លោកស្រី Uzra Zeya បានប្រាប់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ស្តីពីការពង្រឹងគណនេយ្យភាព និងយុត្តិធម៌ចំពោះការរំលោភធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិថា ក្នុងរយៈពេលជិត ១០០ ថ្ងៃ ពិភពលោក បានឃើញកងកម្លាំងរុស្ស៊ី ទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យសម្ភព ស្ថានីយ៍រថភ្លើង អគារផ្ទះល្វែង និងផ្ទះ ហើយថែមទាំងសម្លាប់ជនស៊ីវិលទៀតផង។
លោកស្រី Zeya បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីគាំទ្រដល់ការស៊ើបអង្កេតអន្តរជាតិធំមួយអំពើទង្វើដ៏ឃោរឃៅនៅអ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះ អគ្គមេធាវីរបស់ប្រទេសអៀរឡង់ លោក Paul Gallagher បានបង្ហាញការខិតខំប្រឹងប្រែងក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ដើម្បីគាំទ្រដល់ការអំពាវនាវរកយុត្តិធម៌ក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា អៀរឡង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤១ ដែលបានរាយការណ៍ពីស្ថានភាពនៅក្នុងប្រទេសនេះ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ហើយ ICC បានដាក់ពង្រាយក្រុមអ្នកស៊ើបអង្កេតចំនួន ៤២ នាក់ ដោយមានអ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងបុគ្គលិកគាំទ្រដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន៕