មេបញ្ជាការ កងទ័ពជើងគោក ទទួល ជួប សំណេះសំណាល និង ពិភាក្សា ការងារ ជាមួយ អនុព័ន្ធយោធា បង់ក្លា ដែស ទទួលបន្ទុកនៅកម្ពុជា!
នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី Mohamad Masudur Rahman អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ទទួលបន្ទុកកម្ពុជា ដែលមាននិវេសន
ដ្ឋាននៅទីក្រុងយ៉ាងហ្គូន ចូលជួបសំណេះសំណាលណែនាំខ្លួន និងពិភាក្សាការងារ។
ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានរំឭកអំពីចំណងមិត្តភាពយូរលង់កម្ពុជា-បង់ក្លាដែស ចាប់តាំងពីឆ្នាំ១៩៧៣ និងការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៩៣ ដែលពេលនោះបង់ក្លាដែស ក៏បានបញ្ជូនកងកម្លាំងមួកខៀវមកបំពេញ
បេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ហើយរហូតមកទល់ពេលនេះ ប្រទេសទាំងពីរនៅរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសក្តានុពលសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍជនបទ, វិស័យទេសចរណ៍ និងកសិកម្ម ជាដើម។ ចំពោះវិស័យយោធា ថ្វីត្បិតតែកិច្ចសហប្រតិបត្តិការក្នុងផ្នែកនេះនៅមានកម្រិតតិចតួច ប៉ុន្តែក្នុងអនាគតខាងមុខ គឺអ្វីៗនឹងមានភាពប្រសើរឡើង ដោយសារក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគី ដើម្បីជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។
ជាការឆ្លើយតប លោកអនុព័ន្ធយោធាបង់ក្លាដែស បានបង្ហាញនូវក្តីរីករាយចំពោះការបំពេញតួនាទីក្នុងមុខតំណែងជាអនុព័ន្ធយោធា ទទួលបន្ទុកប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីការរំពឹងទុកខ្ពស់ និងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសំដៅធ្វើយ៉ាងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-បង់ក្លាដែស ឱ្យមានកម្រិតឈានឡើង ស្របតាមសុឆន្ទៈ និងគោលការណ៍របស់ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសបង់ក្លាដែស ដែលបានផ្តល់សារៈសំខាន់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពកម្ពុជា៕