លោកនាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតី អបអរ​សារទរ​ខួបលេីកទី១៥​ ទិវាអតីតយុទ្ធជនកម្ពុជា​ ២១​ មិថុនា​ ២០២២!

0

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍​ ទី១៧ ខែមិថុនា​ ឆ្នាំ២០២២ គណ:កម្មាធិការសមាគមអតីតយុទ្ធជន​ខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរខួបលេីកទី១៥​ ទិវាអតីតយុទ្ធជនកម្ពុជា​ ២១​ មិថុនា​ ២០២២​ ក្រោមអធិបតីភាព​ដ៍ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ និងជាអគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ នៅសាលសន្និសីទ​សាលាខេត្តកំពង់ចាម​ ។

កម្មវិធី​នេះ​ដែរមានការអញ្ជេីញចូលរួម​ពី៖​ ឯកឧត្តម​ គណ:ប្រតិភូអមដំណេីរ​ ឯកឧត្តម​ អភិបាលរង​ នៃគណ:ភិបាលខេត្ត​ ឯកឧត្តម​ ឯម​ កុសល​ ប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​​ ឯកឧត្តម​ អនុប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនខេត្ត​ លោកស្នងការរង​នគរបាល​ខេត្ត​ លោកប្រធានកិត្តិយស​សមាគមអតីតយុទ្ធជន​ ស្រុក-ក្រុង​ លោកប្រធានគណ:កម្មាធិការ​សមាគមអតីតយុទ្ធជន​ ស្រុក-ក្រុង​ ទាំង១០​ និងសមាជិកសមាគមអតីតយុទ្ធជនមកពីតាមបណ្ដាស្រុក-ក្រុងទាំង១០​ ចំនួន​៤០០នាក់​ ។

នៅក្នុងឱកាសនោះ​ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ ក៏បាននាំយកអំណោយដ៍ថ្លៃថ្លារបស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ឧបត្ថម្ភ​ជូនដល់​ អ៊ុំ​ ពូ​ មីង​ បងប្អូន​អតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ទាំង៤០០នាក់​ នូវ​ អង្ករ២០គីឡូចំនួន០១បេ​ សារ៉ុងចំនួន០១​ និងថវិកា​ ១០០,០០០​ រៀល​ ផងដែរ ។

ការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ២១ មិថុនា ២០២២ ដែលបានប្រព្រឹត្តនាឳកាសដ៏មានតំលៃវិសេសវិសាលនេះ គឺធ្វើឡើងដើម្បីផ្ដល់កិត្ដិយសដ៏ស័ក្តិសមចំពោះការរំឭកអំពីវីរភាព នៃ ស្មារតីតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់ អ៊ុំ ពូ មីង បងប្អូនអតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុ ភូមិ និងជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្ដម ព្រមទាំងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្ដិសាស្រ្ដជជាតិ ហើយត្រូវបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ។

សមាគមអតីតយុទ្ធជនកម្ពុជារបស់យើង ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ដែលបានដាក់ ចេញនូវចក្ខុវិស័យរយះពេលវែងរបស់រាជរដ្ឋាភិបាល ការកសាងសង្គមកម្ពុជាមួយ ដែលមាន សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ចរយះពេលវែង ការអភិវឌ្ឍប្រកបដោយចិរភាព និងសមធម៌ ការកែលម្អជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ការការពារបរិស្ថាន ការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិ ជាមួយនឹងការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា ទាំងក្នុងក្រុមគ្រួសារ ទាំងក្នុងសង្គមជាតិ ព្រមទាំងមានកិត្យានុភាពខ្ពស់ លើឆាកអន្តរជាតិ ។ ក្នុងនោះក៏មានអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូយកចិត្តទុកដាក់ ខ្ពស់បំផុតលើជីវភាព និងសុខុមាលភាពរបស់បងប្អូន ផងដែរ ។

ជាក់ស្ដែង រយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ គិតត្រឹមពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន សម្រាប់សមាជិកសមាគមអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនខេត្តកំពង់ចាម សរុបមានចំនួនជាង៣ពាន់នាក់ ក្រោយពីការចុះធ្វើបច្ចុប្បន្នភាព រួចមកក៏បានរកឃើញ អ៊ុំ ពូ មីង មួយចំនួនតូច មានជីវភាពលក្រលំបាក ខ្លះគ្មានទាំងដីគ្មានទាំងផ្ទះ ខ្លះមានដីលំនៅដ្ឋាន តែមានផ្ទះមិនសមរម្យ ខ្លះទៀតក៏ត្រូវធ្វើចំណាកស្រុកទៅប្រកបមុខរបរនៅខេត្តឆ្ងាយៗ ។ ដើម្បីជាការឆ្លេីយតបទៅនឹងការរកឃើញតាមរយះការចុះធ្វើបច្ចុប្បន្នភាព គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានធ្វើសំណើរតាមរយះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្ដី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីគោរពស្នើសុំគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោប្រធាន ។ ជាលទ្ធផលយើងទទួលបានការផ្ដល់ជូនយ៉ាងកក់ក្ដៅបំផុត និងពិតជាទីសោមនស្សរីករាយក្រៃលែងចំពោះសមាជិកសមាគមអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរបស់យើងចំនួន៣៤គ្រួសារ ដែលបានស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិសំបួរមានជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ តាមរយះការផ្ដល់សម្បទានដីលំនៅដ្ឋាន និងដីកសិកម្ម ព្រមទាំងការសាងសងផ្ទះអំពីឈើ ដំបូលប្រក់ស័ង្កសី ទំហំ៤ម*៦ម ចំនួន៣៤ខ្នងផ្ទះ និងបន្ថែមលើសពីនោះទៀត ឯកឧត្តម អភិបាល នៃគណៈអភិ បាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម

បានជួយឧបត្ថម្ភគាំទ្របន្ថែមនូវការឈូសឆាយ សម្អាតដីកសិកម្ម ជួសជុលកែលម្អផ្លូវក្រាលគ្រួសក្រហមក្នុងភូមិចំនួន២ខ្សែរ ដែលពីមុនផ្លូវនេះមិនអាចធ្វើដំណើរឆ្លងកាត់បាន និងដាក់លូបង្ហូរទឹកទទឹងផ្លូវដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងចំនួនមួយខ្សែរបន្ថែម បានតភ្ជាប់ប្រព័ន្ធបណ្ដាញទឹក-ភ្លើង និងបង្គន់អនាម័យគ្រប់ផ្ទះ ព្រមទាំងការខួងអណ្ដូងស្នប់ជូនចំនួន០៦អណ្ដូង សម្រាប់ប្រើប្រាស់លើការស្រោចស្រពផលដំណាំ និងការចិញ្ចឹមសត្វជាលក្ខណ:គ្រួសារ ។ រីឯ សមាជិកសមាគមអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលនៅតាមបណ្ដាស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម ដែលមានដីលំនៅដ្ឋានស្រាប់ តែមានផ្ទះមិនសមរម្យ សម្ដេចតេជោប្រធាន ក៏បានសម្រេចផ្ដល់ជូនការសាងសង់ផ្ទះអំពីដែក ជញ្ចាំងស្មាតបត ដំបូលប្រក់ស័ង្កសី ទំហំ៤ម*៦ម សរុបមានចំនួន៤៥ខ្នងផ្ទះ (សូមបញ្ជាក់ផងដែរថា បើគិតពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ននេះ ការសាងសង់ផ្ទះជូន អ៊ុំ ពូ មីង បងប្អូនអតីតយុទ្ធជនសម្រាប់ខេត្តកំពង់ចាម សរុបមានចំនួន៩៧ខ្នងផ្ទះ)។ ដោយឡែក អតីតយុទ្ធជនមុខសញ្ញាពិការចំនួនមួយគ្រួសាររស់នៅក្នុងឃុំខ្វិតធំ ស្រុកព្រៃឈរ ដែលមានជីវភាពក្រលំបាកហើយផ្ទះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនោះក៏ទទួលបានការជួយឧបតម្ភពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់នូវការការសាងសង់ផ្ទះចំនួនមួយខ្នង សងអំពីដែក ដំបូលប្រក់ស័ង្កសី ទំហំ៤ម*៦ម ក្រាលការ៉ូបាតយ៉ាងស្រស់ស្អាត ផងដែរ ។

ក្រៅអំពីការផ្ដល់ជូន ដីសម្បទានសង្គមកិច្ច ប្រព័ន្ធទឹក-ភ្លើង ផ្លូវថ្នល់ និងជម្រក់ដល់សមរម្យជូន អ៊ុំ ពូ មីង បងប្អូន អតីតយុទ្ធជនហើយនោះ ស្របពេលទូទាំងសកលលោកក៏ដូចជាប្រទេសកម្ពុជារបស់យើងបានជួបនូវវិបត្តិជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង ពិសេស សម្ដេចតេជោប្រធាន បានគិតគូយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតលើសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និងបានរិះរកនូវយុទ្ធសាស្រ្ដ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការចលនាសប្បុរជននានាក្នុងនិងក្រៅស្រុក និងជំនួយផ្សេងៗ ដើម្បីបញ្ជាទិញ និងទទួលបាននូវប្រភេទវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក សម្រាប់ចាក់ជូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណ: ក្នុងនោះអតីតយុទ្ធជនខេត្តកំពង់ចាមរបស់យើង ក៏បានទទួលការចាក់វ៉ាក់សាំងនូវដូសមូលដ្ឋាន និងដូសជម្រុញជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃនេះយើងបាននឹងកំពុងបន្តផ្សព្វផ្សាយឲ្យបងប្អូនអតីតយុទ្ធជនរបស់យើង អញ្ជើញទៅទទួលការផ្ដល់ ការចាក់វ៉ាក់សាំងដូសជម្រុញទី៥ នៅតាមមូលដ្ឋានរបស់ខ្លួន ផងដែរ ។ ករៅពីនេះទៀត អតីតយុទ្ធជនជាមុខសញ្ញាជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ ក៏ទទួលបាននូវប័ណ្ណថែទាំសុខភាព (ប.ស.ស) ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលមានចុះកិច្ចសន្យាជាមួយ (ប.ស.ស) ដោយមិនបង់ប្រាក់ ។ លើសពីនេះទៀតនោះ កន្លងមកគ្រប់គណ:ជំនាញទាំងថ្នាក់ខេត្ត-ស្រុក-ក្រុង បានសហការជាមួយគ្នាចុះសាកសួរទុក្ខ និងនាំយក អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោប្រធាន ឧបត្តម្ភដល់អ៊ុំ ពូ មីង បងប្អូនដែលមានជំងឺ ឬជួបទុក្ខលំបាកដល់ខ្នងផ្ទះ ព្រមទាំងសហការរៀបចំកម្មវិធីចុះបើកផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះបានទាន់ពេលវេលា ជូនក្រុមគ្រួសារ នៃសពផងដែរ ។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជានិច្ចកាលតែងតែចាត់ទុកនូវស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស័គ្រ្ម​ របស់អតីតយុទ្ធជនកម្ពុជាដើម្បីជាតិមាតុភូមិ គឺជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងជាគុណបំណាចដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្ដិសាស្រ្តជាតិយើង ៕

Leave A Reply

Your email address will not be published.