កងរាជអាវុធហត្ថខេត្តកំពង់ចាមស្រាវជ្រាវបង្រ្កាបក្រុមជនសង្ស័យចោរលួចសម្ភារៈតាមរោងការ និងកន្លងមកធ្លាប់ធ្វើសកម្មភាព៦លើកមកហើយ

0

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង ១៥ :៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម បានទទួលបណ្តឹងពីជនរងគ្រោះ ចំនួន០៦ នាក់ រស់នៅភូមិថ្មគោល​ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្តឹងថា កាលពីនៅវេលាម៉ោង២.១០ នាទី រំលងអាទ្រាធ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួច(ទូរស័ព្ទដៃ)សរុប ចំនួន០៨គ្រឿង ដែលជារបស់ពួកគាត់ នៅចំណុចរោងការស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួច ដោយយោងបទបញ្ជាដ៏មុឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជារឲ្យកំលាំងជំនាញចុះធ្វើការស្រាវជ្រាវលើករណីខាងលើនិងមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ សោ សាវឿន បានអោយដឹងថា ករណីនេះ រហូតដល់ម៉ោង ២០.០០នាទី ថ្ងៃ ខែ ឆ្នាំដដែល កំលាំងជំនាញ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់

១.ឈ្មោះសៅ សុភណ្ឌ័ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

២.ឈ្មោះ ពៅ ភារាក់ ហៅ សីហា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលស្បៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

៣.ឈ្មោះ ចាន់ សុផានិត ហៅ ពងទាកូន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលស្បៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍បន្តអោយដឹងថា ជនសង្ស័យទាំង០៣នាក់ខាងលើធ្វើតេស្តរកសារធាតុញៀនឃើញមានវិជ្ជមានទាំង០៣នាក់(+) ក្នុងនោះកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ទូរស័ព្ទចំនួន ៨ គ្រឿង ដែលជារបស់ជនរងគ្រោះ ។ ម៉ូតូចំនួន ០១ គ្រឿង ម៉ាក C125 ពណ៍ខ្មៅ សេរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1 AC 0094 ជាមធ្យោបាយសំរាប់ធ្វើសកម្មភាព ។
លោកវរសេនីយ៍ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់អោយដឹងដែរថា ករណីនេះក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៣ នាក់ ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនទាំង០៣ នាក់ ពិតជាបានដើរធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ប្រាកដមែន ។ និងកន្លងមកធ្លាប់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ បានចំនួន ០៦លើកមកហើយ នៅក្នុងភូមិសាស្ត ក្រុងកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យទាំង០៣ នាក់ខាងលើ កំលាំងជំនាញបានកសាងសុំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ចំណែកវត្ថុតាងកំលាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញ ៕

Leave A Reply

Your email address will not be published.