ចំណូលរដ្ឋតិចជាងចំណូលហោប៉ៅឈ្មួញ ! លោកអភិបាលខេត្តកំពង់ចាម និងធ្វើការបង្រ្កាបក្រុមហ៊ុនបូមខ្សាច់ណាដែលធ្វើសកម្មភាពផ្ទុយពីអាជ្ញាប័ណ្ណ!

0

ខេត្តកំពង់ចាម ៖ នៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ក្រាបរាល់អាជីវកម្មបូមខ្សាច់ ដែលអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុក និងមេឃុំចំនួន ៣៥ ឃុំ ដែលមានភូមិសាស្រ្តជាប់ដងទន្លេមេគង្គ ។

ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងថា កន្លងមក ធ្លាប់មានព័ត៌មានទាក់ទងទៅនឹងការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែនិងថាមពលបានអនុញ្ញាតច្បាប់ឲ្យពួកគាត់ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបាន បូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ និងបានបង្កឱ្យមានការបាត់បង់នូវសួយសារអាកជាច្រើន ធ្វើអោយរដ្ឋាភិបាលមានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ ។

ទាក់ទងទៅនឹងហេតុផលខាងលើ ឯកឧត្តម អភិបាលខេត្តបានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបូមខ្សាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ទៅតាមទីតាំង ដែលក្រសួងរ៉ែនិងថាមពលបានកំណត់ក្នុងច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ហើយនឹងឈានទៅលុបបំបាត់ឲ្យអស់នូវភាពអាណាធិបតេយ្យ ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម លោក លី ចាន់ធី បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាមមាន ក្រុមហ៊ុន សហគ្រាសចំនួន ២២ អាជ្ញាប័ណ្ណ ។

លោក លី ចាន់ធី ឲ្យដឹងទៀតថា កន្លងទៅបញ្ហាប្រឈម ពោលគឺ ម្ចាស់ក្រុមហ៊ុន សហគ្រាសបានបោះពោងសម្គាល់ ដែនអាជ្ញាប័ណ្ណ រួចរាល់មុននឹងធ្វើអាជីវកម្ម ប៉ុន្តែមិនអាចថែរក្សាឱ្យនៅគង់វង្សបាន ដោយសារអ្នកនេសាទកាត់ចោលជាញឹកញាប់ ម្យ៉ាងទៀត មន្ត្រីខ្វះមធ្យោបាយសម្រាប់ចុះបង្ក្រាប នៅពេលកើតមានបទល្មើស៕

Leave A Reply

Your email address will not be published.