យោធាស៊ូដង់បង្ហាញការប្តេជ្ញាសារជាថ្មីក្នុងការបង្កើតរដ្ឋាភិបាលថ្មី!
មេដឹកនាំរដ្ឋប្រហាររបស់ប្រទេសស៊ូដង់ ឧត្តមសេនីយ Abdel Fattah al-Burhan បាននិយាយថា កងទ័ពនឹងបើកផ្លូវសម្រាប់រដ្ឋាភិបាលស៊ីវិល នឹងដកខ្លួនចេញពីការចរចានយោបាយដែលកំពុងបន្ត ហើយអនុញ្ញាតឱ្យក្រុមនយោបាយ និងបដិវត្តន៍បង្កើតរដ្ឋាភិបាលអន្តរកាល។
សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយបានធ្វើឡើងបន្ទាប់ពីសប្តាហ៍ដ៏គ្រោះថ្នាក់សម្រាប់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសស៊ូដង់ ខណៈដែលការតវ៉ាទ្រង់ទ្រាយធំទាមទារឱ្យបញ្ចប់ការគ្រប់គ្រងដោយយោធាបានបន្តនៅក្នុងតំបន់ Khartoum ចាប់តាំងពីថ្ងៃព្រហស្បតិ៍។
យោងតាមគណៈកម្មាធិការវេជ្ជបណ្ឌិតប្រទេសស៊ូដង់ ដែលបានតាមដានអ្នកស្លាប់ដោយការតវ៉ាបានឲ្យដឹងថា មនុស្ស ៩ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៦២៩ នាក់បានរងរបួសដោយកងកម្លាំងសន្តិសុខបង្ក្រាបលើបាតុកម្ម។
លោក al-Burhan បាននិយាយនៅក្នុងសុន្ទរកតាមទូរទស្សន៍ថា ការប្តេជ្ញាចិត្តរបស់យោធាក្នុងការធ្វើការឆ្ពោះទៅរក “ការបោះឆ្នោតដែលប្រជាជនស៊ូដង់ជ្រើសរើសអ្នកណានឹងគ្រប់គ្រងពួកគេ” ។
លោកបានបន្តថា ការដកទ័ពចេញពីការចរចានយោបាយ គឺមានគោលបំណងអនុញ្ញាតឲ្យក្រុមនយោបាយ និងបដិវត្តន៍បង្កើតរដ្ឋាភិបាលតិចណូ។
យ៉ាងណាមិញ យោងតាមសេចក្តីរាយការណ៍ពីរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់ បាននិយាយថា ក្រុមអ្នកតវ៉ាបាន “ច្បាស់ណាស់អំពីការទាមទាររបស់ពួកគេ” ដែលជាពួកគេ “មិនចង់ឱ្យយោធាបន្តកាន់អំណាច” ។ ខណៈដែរសេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ al-Burhan ទំនងជាមិនជួយសម្រួលដល់អ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងយោធានោះទេ៕