មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​អំឡុង​ពេល​ធ្វើ​ធម្មយាត្រា​នៅ​តំបន់កាស្មៀរ!

0

ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស 8 នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានព្យុះភ្លៀងយ៉ាងខ្លាំងមួយរំពេចនៅជិតទីសក្ការបូជាល្អាង Amarnath ក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។

ក្រុមមន្ត្រីបាននិយាយថា ពពកខ្មៅដ៏ក្រាស់កាលពីថ្ងៃសុក្របានគ្របដណ្តប់នៅជិតរូងភ្នំដែលគោរពដោយអ្នកកាន់សាសនាហិណ្ឌូបានបង្កជាទឹកភ្លៀងដ៏ច្រើនសន្ទឹកធ្វើឱ្យជញ្ជាំងទឹកភ្នំបាក់ធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយ ហើយកម្លាំងទឹកបានហូរបោកបក់ជំរុំមនុស្សប្រហែល 10,000 នាក់នៅលើភ្នំ។ ខណៈដែលនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្វែងរកអ្នកបាត់ខ្លួនជាច្រើន។

មេប៉ូលិសតំបន់កាស្មៀរ លោក Vijay Kumar បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះមួយ បានរកឃើញសាកសពមនុស្ស ៨ នាក់ បន្ទាប់ពីទឹកជំនន់បានហូរធ្លាក់នៅក្បែរូងភ្នំ។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានផ្តល់ការរំលែកទុក្ខរបស់គាត់នៅក្នុងការបង្ហោះនៅលើ Twitter ដោយនិយាយថាគាត់ “ឈឺចាប់” ចំពោះឧប្បត្តិហេតុនេះ។

គួរជម្រាបថា ប៉ុន្មានថ្ងៃនេះ ជនជាតិហិណ្ឌូរាប់រយពាន់នាក់មកពីទូទាំងប្រទេសឥណ្ឌាចូលរួមធម្មយាត្រាដែលមានរយៈពេលរហូតដល់ 45 ថ្ងៃ៕

Leave A Reply

Your email address will not be published.