ឈើប្រណិតបានជាង ២០ដុំ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបង្ក្រាបបន្ទាប់ពីឈ្មួញដឹកចេញពីព្រៃ យកមកលាក់ទុកក្នុងផ្ទះប្រជាពលរដ្ឋ

0

ខេត្តព្រះវិហារ ៖ ឈើប្រណិតប្រភេទធ្នុងជាង ២០ដុំដែលឈ្មួញបានធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃចេញពីព្រៃ មកទម្លាក់ទុកក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ និងត្រៀមលក់បន្តឲ្យឈ្មួញ ដឹកយកទៅលក់ឲ្យក្រុមអ្នកបើកសិប្បកម្មកែច្នៃឈើ នៅក្នុងក្រុងព្រះវិហារ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ចុះបង្ក្រាបនិងរឹបអូស ដោយសហការនិងអ្នកសារព័ត៌មាន ។

ប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសឈើនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

តាមសេចក្តីរាយការណ៍អោយដឹងថា ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយ នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក សុង បញ្ញា ក្រោមបញ្ជាពីលោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងក្រោមការអនុញ្ញាតពី នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម និងបន្ទាប់ពីបានការឯកភាព ពីលោកតំណាងអយ្យការ សាលាដំបូងខេត្ត ។

ក្នុងនោះ មន្ត្រីរដ្ឋាភិបាលព្រៃឈើបានរឹបអូសយកឈើបេងបានជាង ២០ដុំវែង និងខ្លី នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនៅតិវិធី។

ប្រភពប្រជាពលរដ្ឋនៅតំបន់ដែលសមត្ថកិច្ចបង្រ្កាបឈើនោះ បានអោយដឹងថា ក្រុមឈ្មួញតែងធ្វើសកម្មភាពដឹកជញ្ជូនឈើពីដែនព្រៃ យកមកទម្លាក់ទុកនៅក្នុងបរិវេណផ្ទះខាងលើនោះ ស្ទើរជារៀងរាល់ថ្ងៃ ដើម្បីលក់បន្តទៅឲ្យម្ចាស់រថយន្តកាមរីហើម ១គ្រឿង ព័ណ៌ស្លែចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2E.7849 ហើយម្ចាស់រថយន្តនេះ បានដឹកឈើទាំងនោះយកទៅបោះ និងចែកចាយឲ្យតាមរោងសិប្បកម្មធំៗ នៅក្នុងព្រះវិហារ ខេត្តព្រះវិហារ។

ប្រជាពលដ្ឋបាននិយាយទៀតថា សកម្មភាពនេះបានកើតឡើងជាយូរមកហើយ ប៉ុន្តែ គេមិនដែលឃើញមានការបង្ក្រាបពី កម្លាំងសមត្ថកិច្ចមូលដា្ឋននោះទេ ទើបតែពេលនេះត្រូវបានធ្វើឡើងជាលើកដំបូងនៅទីនេះ៕

Leave A Reply

Your email address will not be published.