អគ្គនាយកដ្ឋាន ក.ប.ប កោះហៅ ម្ចាស់ដេប៉ូប្រេងទាំង៤២នាក់ នៅខេត្តកណ្តាលទាំងប្រញាប់ប្រញ៉ាល់តើមានហេតុភេទអ្វីទៅ ?

0

ខេត្ដកណ្ដាល ៖ ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង ៤២នាក់ដែលបានដាក់ពាក្យប្តឹង លោក តូច ចៅកុយ ប្រធានសាខា ក.ប.បខេត្តកណ្ដាលទៅកាន់អង្គភាពប្រឆាំងអំពើ ពុករលួយកាលពីពេលថ្មីៗនេះ ត្រូវបានកោះហៅ នេះបើយោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ ចុះហត្ថលេខាដោយលោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ។

លិខិតអោយម្ចាស់ដេប៉ូទាំង៤២ ទៅអគ្គនាយកដ្ឋានស្ថិតនៅផ្លូវលេខៈ ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹកក្រោមអធីបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋាន ក.ប.ប។

ម្ចាស់ដេប៉ូសុំមិនបញ្ចេញឈ្មោះប្រាប់ថាលោក ឃួន សាវុធ អគ្គ នាយករងនៃអគ្គនាយកដ្ឋាន ក.ប.បបានចេញលិខិតអញ្ចើញម្ចាស់ដេប៉ូទាំង៤២នាក់នេះធ្វើឡើងដើម្បីឲ្យចូលបំភ្លឺ និងផ្ដល់ព័ត៌មានចាំបាច់មួយចំនួនក្រោយម្ចាស់ប៉ូប្រេងឥន្ទនៈទាំង៤២នាក់បានប្ដឹងលោក តូច ចៅកុយ ប្រធានសាខា ក.ប.បខេត្តកណ្ដាលទៅកាន់អង្គភាពប្រឆាំងអំពើ ពុករលួយ និងសាលា ខេត្តកណ្ដាល ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ ដែលប្ដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

បើយោងតាមប្រភពម្ចាស់ដេប៉ូទាំង៤២នាក់បានឲ្យដឹងថា មន្ត្រីក.ប.បបានចុះមកចែកលិខិតអញ្ជើញនេះហាក់ បីដូចជាធ្វើឡើងយ៉ាងតក់ក្រហល់ខុសភាពប្រក្រតីពីព្រោះថាទីតាំងម្ចាស់ដេប៉ូមានរហូត ដល់៤២កន្លែងស្ថិតនៅភូមិ_ឃុំ_ស្រុក ផ្សេងៗគ្នាប៉ុន្តែមន្រ្តីក.ប.បបាន ចុះចែកលិខិតអញ្ជើញត្រឹមតែមួយព្រឹកប៉ុណ្ណោះ តើមានកិច្ចការប្រញ៉ាប់ឬមានភាពចាំបាច់ប៉ុណ្ណាទេ ហើយតបតាមការអញ្ជើញខាងលើ ពួកគាត់ជាម្ចាស់ស្ថានីយ៍ទាំងអស់ចង់ឲ្យមានសមាសភាពមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលូយ និងអាជ្ញាខេត្តកណ្ដាលចូលរួមជាមួយ ប្រសិន បើគ្មាននោះទេពួកគាត់ទាំងអស់គ្នានឹងមិនចូល រួមតាមការអញ្ជើញឡើយ។

ប្រភពម្ចាស់ដេប៉ូបានឲ្យដឹងទៀតថា គោលបំណងដែលពួកគាត់ទាំងអស់គ្នាបានប្ដឹងប្រធានសាខាក.ប.ប ខេត្តកណ្ដាលនេះ ដោយសារពួកគាត់មិនពេញចិត្តចំពោះការ អនុវត្តច្បាប់របស់លោក តូច ចៅកុយ និងពួក គាត់នៅតែទទួចស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជាពិសេសឯកឧត្តម ផាន អូន ធ្វើការដកលោក តូច ចៅកុយ ចេញពីប្រធានសាខា ក.ប.បខេត្តកណ្ដាលតែម្ដង។

ទោះបីយ៉ាងណាការចេញលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានក.ប.ប ទៅម្ចាស់ដេប៉ូប្រេងទាំង៤២នាក់យ៉ាងតក់ក្រហល់ ខណៈបណ្ដឹងរបស់ម្ចាស់ដេប៉ូបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុក រលួយ(ACU) និងសាលាខេត្តកណ្ដាល មិនទាន់ដឹងថាមានចំណាត់ការនីតិវិធីយ៉ាងណានៅឡើយ។

ករណីខាងលើអង្គភាពគេហទំព័រ ដើមក្រសាំង យើងខ្ញុំមិនអាចសុំការពន្យល់ពីឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បាននៅឡើយព្រោះមិនមានលេខទូរស័ព្ទ៕

Leave A Reply

Your email address will not be published.