ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
(ភ្នំពេញ) ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប បានសាងសង់រួចរាល់ជាស្ថាពរហើយ ដោយត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ជាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋខ្មែរទាំងមូល ចំពោះការទទួលបានសមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្រដ៏ទំនើប។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កើតចេញពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីនៅជាក្មេងវត្ត សម្តេចធ្លាប់បានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈនេះ។
_សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាព ធ្វើយ៉ាងណាឱ្យការផ្លាស់ប្តូរនេះមានភាពស្របច្បាប់។
_សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្នុងក្រុងសៀមរាប និងពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះនៅសៀមរាប នៅដើមខែមេសា។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យល្អ តែគ្រូពេទ្យ និងការព្យាបាលត្រូវតែប្រឹងប្រែងធ្វើឱ្យបានល្អផងដែរ។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតសមត្ថភាពរបស់គ្រូពេទ្យជារឿងសំខាន់ បូករួមជាមួយការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការព្យាបាលកាន់តែប្រសើរ។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំងបង្ការជាជំងឺកូវីដ១៩ ចំនួន ២០លានដូសបន្ថែមទៀត ពីរដ្ឋាភិបាលចិន គឺជាធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ១៩។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនរើសអើងវត្តមានវ៉ាក់សាំងនោះឡើយ ប្រទេសណាដែលផ្តល់ឱ្យ កម្ពុជាទទួលយកទាំងអស់។
_សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំផែនការរំកិលក្នុងការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុគ្រប់៣ឆ្នាំ។
_សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមគ្រូពេទ្យឱ្យថែទាំមន្ទីរពេទ្យ និងបរិក្ខារទាំងឡាយក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីធានាការប្រើប្រាស់បានយូរ។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយគាំទ្រកែប្រែមន្ទីរពេទ្យព្រះកុសុមៈ ធ្វើឱ្យប្រសើរឡើងនូវការព្យាបាល។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានចេញមុខសុំទោសប្រធានាធិបតីចិន ជំនួសនិស្សិតកម្ពុជា ដែលបានរត់ចេញពីប្រទេសចិន ពេលចិនរងការរាតត្បាតជំងឺកូវីដ១៩។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែររស់នៅអ៊ុយក្រែនមានចំនួន២៣គ្រួសារ។ សម្តេចមិនមានការណែនាំឱ្យជម្លៀសពលរដ្ឋទាំងនោះចេញនោះឡើយ គឺត្រូវរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន។
_សម្តេចតេជោ ហ៊ុន សែន បានណែនាំគ្រូពេទ្យកម្ពុជា ឱ្យស្វែងយល់ និងទាញយកប្រយោជន៍ពីឱសថបុរាណចិន ដែលបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱសថនេះបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ព្រមទាំងប្រទេសមានសេដ្ឋកិច្ចចម្រើនលូតលាស់ ជាពិសេសនៅមជ្ឈិមបូព៌ា។
_សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានកិច្ចសហប្រតិបត្តិការជាមួយចិន ពន្លឿនការងារផលិតវ៉ាក់សាំង។
_សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចែករំលែកពិសោធន៍ទៅកាន់ប្រទេសជាមិត្តជាច្រើន ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជា គឺការចាក់វ៉ាក់សាំង ហើយការចាក់នោះឈរលើយុទ្ធសាស្ត្រផ្ការីក ពោលគឺចាក់ឱ្យជោកជាំ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។
_សម្តេចតេជោ ហ៊ុន សែន បានច្រានចោលខ្លឹមសារព័ត៌មានដែលត្រូវបានចែកចាយពាក់ព័ន្ធការបើកប្រាក់ខែមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖៤៣នាទីនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ៕