អុញនោះ ម៉េចទៅជាអញ្ចឹងវិញ! រុស្ស៊ីបើកការវាយប្រហារដោយមីសុីលជាច្រើនគ្រាប់លើកំពង់ផែ Odesa ក្រោយចរចាគ្នាបានត្រឹមតែមួយថ្ងៃ!
ជាការពិតណាស់ រុស្ស៊ី និងអ៊ុយក្រែន ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបន្តការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែ បានត្រឹមតែមួយថ្ងៃសោះ រុស្ស៊ីបានបើកការវាយប្រហារដោយមីសុីលជាច្រើនគ្រាប់លើកំពង់ផែ Odesa យ៉ាងចាស់ដៃទៅវិញ។
យ៉ាងណាមិញ មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារលើកំពង់ផែ Odesa នោះគឺសំដៅលើទីតាំងរបស់យោធាអ៊ុយក្រែនតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្សុីលោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃអាទិត្យថា“នៅក្នុងកំពង់ផែសមុទ្រខ្មៅក្នុងទីក្រុង Odesa នៅលើទឹកដីនៃកន្លែងនាវាចម្បាំង Harpoon និងកាំជ្រួចរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដល់របប Kiev ត្រូវបានបំផ្លាញដោយជោគជ័យ”។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បាននិយាយថា កាំជ្រួច Kalibr របស់រុស្ស៊ី បានបំផ្លាញ “ទូកល្បាត” របស់អ៊ុយក្រែន នៅក្នុងការវាយប្រហារនោះផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ពេលយប់ថ្ងៃសៅរ៍ថា ការវាយប្រហារលើ Odesa ដែលជាមជ្ឈមណ្ឌលនាំចេញមួយក្នុងចំណោមមជ្ឈមណ្ឌលនាំចេញដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងនៃការសន្ទនាជាមួយរុស្ស៊ី “បានបំផ្លាញយ៉ាងខ្លាំង” ។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងមូស្គូបានវាយប្រហារកំពង់ផែសមុទ្រ Odesa ជាមួយនឹងកាំជ្រួចធ្វើដំណើរចំនួន 4 គ្រាប់ ដែលក្នុងនោះ 2 គ្រាប់ត្រូវបានបាញ់ទៅតំបន់ការការពារដែនអាកាសរបស់អ៊ុយក្រែន។
ដោយឡែក អ្នកនាំពាក្យបញ្ជាការដ្ឋាន Nataliya Humenyuk បាននិយាយថា គ្មានកន្លែងស្តុកគ្រាប់ធញ្ញជាតិត្រូវបានរងការប៉ះទង្គិចទេ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិតួកគី បាននិយាយថា គាត់មានរបាយការណ៍ពីអាជ្ញាធរអ៊ុយក្រែនថា កាំជ្រួចមួយបានវាយប្រហារលើស៊ីឡូគ្រាប់ធញ្ញជាតិ ខណៈដែលមួយទៀតបានធ្លាក់នៅក្បែរនោះ ទោះបីជាមិនប៉ះពាល់ដល់ការផ្ទុកនៅកំពង់ផែ Odesa ក៏ដោយ។
វាមិនច្បាស់ទេភ្លាមៗថាតើការវាយប្រហារនឹងប៉ះពាល់ដល់ផែនការបន្តដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រនៅក្នុងច្រករបៀងដែលមានសុវត្ថិភាពចេញពីកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនចំនួនបី៖ Odesa, Chernomorsk និង Yuzhny យ៉ាងដូចម្តេច។
គួរជម្រាបថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយទីក្រុងម៉ូស្គូ និងទីក្រុង Kyiv កាលពីថ្ងៃសុក្រត្រូវបានសាទរថាជារបកគំហើញការទូតដែលនឹងជួយទប់ស្កាត់ការកើនឡើងនៃតម្លៃស្បៀងអាហារពិភពលោកដោយការស្ដារឡើងវិញនូវការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដល់កម្រិតមុនសង្គ្រាមចំនួនប្រាំលានតោនក្នុងមួយខែ។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងបញ្ចប់ការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនខែដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន ដែលគំរាមកំហែងដល់សន្តិសុខស្បៀងនៅជុំវិញពិភពលោក៕