អឺរ៉ុបប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំង Imvanex ដើមម្បីប្រឆាំងនឹងជម្ងឺ អុតស្វា!
កាលពីដើមសប្ដាហ៍នេះ គណៈកម្មការអឺរ៉ុប (EU) បានអនុម័តប្រើប្រាស់វ៉ាក់សាំង Imvanex របស់ក្រុមហ៊ុនឱសថដាណឺម៉ាក Bavarian Nordic សម្រាប់ប្រឆាំងនឹងជំងឺអុតស្វា បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសៅរ៍បានប្រកាសចាត់ទុកជំងឺនេះជា “ភាពអាសន្នសុខភាពសកល” ដោយសារតែការរីករាលដាលមិនធម្មតារបស់វា ។
ដំបូងឡើយ Imvanex គឺជាវ៉ាក់សាំងដែលប្រើដើម្បីការពារប្រឆាំងនឹងជំងឺអុតស្វាយចំពោះមនុស្សពេញវ័យប៉ុណ្ណោះ ដោយសារតែវាមានសមត្ថភាពកាត់បន្ថយវីរុសដែលទាក់ទងនឹងជំងឺអុតផ្សេងៗដែលមានរោគសញ្ញាស្រដៀងគ្នា ។ ប៉ុន្តែឥឡូវនេះវ៉ាក់សាំង Imvanex ក៏អាចត្រូវបានប្រើដើម្បីការពារមនុស្សពេញវ័យពីជំងឺអុតស្វា និងជំងឺអុតគោផងដែរ ដោយសារតែជំងឺទាំងនេះចេញរោគសញ្ញាប្រហាក់ប្រហែលគ្នា ។
កន្លមកងវ៉ាក់សាំង Imvanex តម្រូវឲ្យចាក់ក្រោមស្បែកដៃខាងលើ ហើយអ្នកដែលមិនធ្លាប់បានចាក់វ៉ាក់សាំងប្រឆាំងជំងឺអុតស្វាយ អុតស្វា គួរតែចាក់ ២ ដូស (មួយដូសមានចំណុះ ០.៥ មីលីលីត្រ) ក្នុងគម្លាតយ៉ាងហោចណាស់ ២៨ ថ្ងៃ បន្ទាប់ពីចាក់លើកទី ១ ។
ក្រោយចាក់ហើយ វ៉ាក់សាំង Imvanex នឹងផលិតអង់ទីគ័រការពារ និងប្រឆាំងជំងឺអុតស្វាយ អុតស្វា និងអុតគោ ។ វាមិនបង្កជំងឺផ្សេងដល់មនុស្សនោះទេ ហើយក៏មិនឲ្យវីរុសបន្តពូជបន្ថែមទៀតនៅក្នុងកោសិកាមនុស្សបានផងដែរ ។
បច្ចុប្បន្ន ប្រទេសមួយចំនួនក៏បានស្តុកទុកថ្នាំបង្ការជំងឺអុតស្វាយដែលមានប្រសិទ្ធភាពប្រហែល ៨៥ ភាគរយក្នុងការការពារការឆ្លងជំងឺអុតស្វា ដោយសារតែមេរោគទាំងពីរនេះគឺស្រដៀងគ្នា ហើយរហូតមកដល់ពេលនេះវាកំពុងរីករាលដាលឆ្លងដល់មនុស្សជាង ១៦,០០០ នាក់នៅក្នុង ៧៥ ប្រទេសចាប់តាំងពីខែឧសភាមក ។
គួរជម្រាបថា មេរោគ អុតស្វា ឬ MonkeyPox អាចរីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធដែលភាគច្រើនកើតឡើងក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស ហើយក៏ទំនងជាបណ្តាលឲ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ គ្រុនក្ដៅ កន្ទួល ហើមកូនកណ្ដុរ និងខ្ទុះដំបៅស្បែកជាដើម ។ ចំណែកការឆ្លងវិញអាចតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវក្នុងរាងកាយ ដំបៅស្បែក ឬផ្ទៃខ្ទុះខាងក្នុង ដូចជាក្នុងមាត់ ឬបំពង់ក ដំណក់ទឹកក្នុងផ្លូវដង្ហើម និងវត្ថុដែលមានមេរោគជាដើម ៕