យន្តហោះដឹកអ្នកដំណើរ Boeing 737 ដែលដឹកមនុស្ស 132 នាក់ បានធ្លាក់ក្នុងប្រទេសចិន!
អាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិនបាននិយាយថា យន្តហោះដឹកអ្នកដំណើរ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់ជាមួយនឹងមនុស្ស 132 នាក់នៅលើយន្តហោះ ក្នុងនោះអ្នកដំណើរ 123 នាក់ និងសមាជិកនាវិក 9 នាក់។
អាជ្ញាធរបាននិយាយថា ការទំនាក់ទំនងត្រូវបានបាត់បង់ជាមួយនឹងជើងហោះហើរពីលើទីក្រុង Wuzhou ក្នុងតំបន់ Guangxi ។ វាត្រូវបានគេគ្រោងនឹងហោះហើរពីទីក្រុងគុនមីង ទៅកាន់ទីក្រុងក្វាងចូវ នៅភាគអាគ្នេយ៍នៃប្រទេស។
យោងតាមព័ត៌មាននៅលើ FlightRadar24 បានឱ្យដឹងថា ជើងហោះហើរ MU5735 បានចាកចេញពី Kunming នៅម៉ោង 1:11 រសៀល ម៉ោងក្នុងស្រុក ហើយគ្រោងនឹងទៅដល់គោលដៅរបស់ខ្លួនក្នុងរយៈពេលតិចជាងពីរម៉ោង។ ប៉ុន្តែយន្តហោះ Boeing 737-89P បានចាប់ទំនាក់ទំនងនៅម៉ោង 2:20 រសៀលម៉ោងក្នុងស្រុក។
យ៉ាងណាមិញ ចំនួនអ្នកស្លាប់នៅមិនទាន់ដឹងនៅឡើយទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងថា លោក Xi Jinping ប្រធានាធិបតីចិន បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងអំពីឧបទ្ទវហេតុនេះ។ លោកបានណែនាំដល់ China Eastern ឱ្យរៀបចំកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ហើយចាប់ផ្តើមការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះនេះ។
គួរបញ្ជាក់ថា ការធ្លាក់យន្តហោះដឹកអ្នកដំណើរធ្ងន់ធ្ងរចុងក្រោយនៅក្នុងប្រទេសចិនគឺក្នុងឆ្នាំ 2010 នៅពេលដែលមនុស្ស 42 នាក់បានស្លាប់នៅលើជើងហោះហើរ Embraer E-190 របស់ក្រុមហ៊ុនអាកាសចរណ៍ Henan Airlines ៕