លោក អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

0

កំពង់ចាម ៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:ឣភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានការចូលរូមពីសំណាក់ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ,ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ,ស្នងការ ស្នងការរងនគរបាលខេត្ត ,មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត , លោកមេបញ្ជាការរងអាវុធហត្ថខេត្ត -លោកឣភិបាល អភិបាលរងក្រុង ស្រុក ,លោកប្រធាន អនុប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត , អធិការនគរបាលក្រុង ស្រុក ទាំង១០ នាយប៉ុស្តិ៍រដ្ឋបាល ទាំង១០៩ ឃុំ សង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គឺជាការបោះឆ្នោតសកល ដែលមានវិសាលភាពនៃការរៀបចំ មានទំហំធំធេង ដោយរាប់បញ្ចូលមានដំណាក់កាល ជាច្រើនក្នុងកិច្ចការនោះ បានដំណើរការទៅដោយរលូន មានសន្តិសុខល្អ សុវត្ថិភាព គ្មានការបំភិតបំភ័យក្នុងដំណាក់កាលនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាការពិតណាស់ ប្រទេសនីមួយៗលើសកលលោក ដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវមានយន្តការរៀបចំការបោះឆ្នោតជាចម្បង ហើយការរៀបចំបោះឆ្នោតអាចប្រព្រឹត្តិទៅ គឺអាស្រ័យលើប្រទេសជាតិនោះ មានសន្តិភាពដូចប្រទេសកម្ពុជាយើងបច្ចុប្បន្ន ពោលគឺមានទាំងស្ថេរភាពនយោបាយ ព្រមទាំងសន្តិសុខ សុវត្ថិភាពក្នុងសង្គម ត្រូវបានធានា និងមានការអភិវឌ្ឍ ទើបប្រទេសយើងអាចរៀបចំការបោះឆ្នោតប្រកបដោយរលូនទទួលបានលទ្ធផលល្អ ដូចជាយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ ដល់សមាជិកសមាជិកានៃអង្គប្រជុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង ៣ប្រភេទ ដែលបានយកចិត្តទុកដាក់ បានប្រឹងប្រែងបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវ ឆ្លងកាត់គ្រប់ឧបសគ្គ មិនថាភ្លៀងផ្គរ គឺបានជម្នះគ្រប់ឧបសគ្គ ខិតខំបំពេញភារកិច្ចរបស់ខ្លួនរហូតទទួលបានលទ្ធផលជោគជ័យ ៕

Leave A Reply

Your email address will not be published.