មេព្រៃព្រះវិហារ ចុះពិនិត្យគ្រឿងចក្រដែល ក្រុមហ៊ុនសិលាដាម៉ិច ដឹកចូលត្រៀមឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាល វិនិយោគឱ្យលើទំហំផ្ទៃដីព្រៃជាង ៦ពាន់ហិចតា !
ខេត្តព្រះវិហារ ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា កាលរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានចាត់នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក វង្ស វិស្សិត និងនាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក ឡុញ ប៉ុណ្ណារិទ្ធ ចុះទៅកាន់ក្រុមហ៊ុនសិលាដាម៉ិច ដើម្បីពិនិត្យគ្រឿងចក្រដែលក្រុមហ៊ុន កំពុងដឹកជញ្ជូនចូល និងត្រៀមធ្វើសកម្មភាពឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ច ដែលផ្តល់ឲ្យវិនិយោគដោយ រាជរដ្ឋាភិបាល លើទំហំផ្ទៃដីប្រមាណជាង ៦ពាន់ហិចតា ដែលស្ថិតនៅក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា អ្នកគ្រប់គ្រងគ្រឿងចក្រនិងជាតំណាងឲ្យរដ្ឋបាលក្រុមហ៊ុនសិលាដាម៉ិច ឈ្មោះ ហួរ បានប្រាប់ថា គ្រឿងចក្រដែលក្រុមហ៊ុនដឹកជញ្ជូនយកចូលក្នុងពេលនេះមានចំនួន ២៥គ្រឿង ក្នុងនោះប្រភេទប៊ុល ១០គ្រឿង និងប្រភេទអ៊ិច ១៥គ្រឿង ហើយគ្រឿងចក្រទាំងអស់ដែលត្រូវដឹកចូលក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នឹងត្រូវបិទការដឹកជញ្ជូនចូលក្នុងក្រុម់ហ៊ុន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
លោកបានបន្តទៀតថា គ្រឿងចក្រទាំង២៥គ្រឿង ដែលក្រុមហ៊ុននាំចូលមកនេះ គឺមិនទាន់ហ៊ានធ្វើសកម្មភាពវាយព្រៃ ឬ ឈូសឆាយដីព្រៃសម្បទានរបស់ក្រុមហ៊ុននោះទេ ព្រោះដ្បិតនៅរង់ចាំបទបញ្ជា និងឯកសារច្បាប់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជាមុនសិន។
លោកបានបញ្ជាក់ថា ផ្ទៃដីសរុបរបស់ក្រុមហ៊ុនសិលាដាម៉ិច មានទំហំ ៦ពាន់ ៣៧៨ហិចតា នៅរយៈកាលកន្លងមកធ្វើការឈូសឆាយដីព្រៃបាន ៤៨០ហិចតា និងនៅសល់ ៥ពាន់ ៨៩៨ហិចតាទៀត ដែលក្រុមហ៊ុននឹងដំណើរការឈូសឆាយ ឲ្យបានគ្រប់គោលការណ៍ ដែល រាជរដ្ឋាភិបាល បានផ្តល់ឲ្យវិនិយោគ។
លោកតំណាងរដ្ឋបាលក្រុមហ៊ុន បានសន្យាថា បើគ្មានបទបញ្ជាពីថ្នាក់ដឹកនាំក្រុមហ៊ុន និងមិនទាន់មានច្បាប់ឈូសឆាយត្រឹមត្រូវនោះទេ នោះគ្រឿងចក្រទាំងអស់នេះ នឹងមិនធ្វើសកម្មភាពខុសច្បាប់ ផ្ទុយពីគោលការណ៍រដ្ឋ និងក្រុមហ៊ុននោះឡើយ។
ក្រោយការផ្ទៀងផ្ទាត់ត្រឹមត្រូវ ពីមន្ត្រីរដ្ឋបាលព្រៃឈើព្រះវិហាររួចមក នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក វង្ស វិស្សិត និងលោកនាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក ឡុញ ប៉ុណ្ណារិទ្ធ បានចុះពិនិត្យរោងសិប្បកម្មកែច្នៃឈើ និងទីតាំងស្តុកឈើនៅផ្នែកខាងក្រោយការិយាល័យរដ្ឋបាលក្រុមហ៊ុនសិលាដាម៉ិច។
សូមបញ្ជាក់ថា នៅក្នុងការចុះត្រួតពិនិត្យនោះ មន្ត្រីព្រៃឈើបានរកឃើញ កន្លែងបើករោងសិប្បកម្មកែច្នៃឈើ ១កន្លែង មានដាក់តាបជ្រៀក និងឈូសឈើ ២គ្រឿង និងរកឃើញឈើមូល និងឈើជ្រុងមិនតិចជាង ១០០កំណាត់ ផងដែរ។ ខណៈនោះ លោក វង្សវិស្សិត បានប្រាប់តំណាងរដ្ឋបាលក្រុមហ៊ុន ឲ្យផ្អាកសកម្មភាព ហើយឈើដែលមាននៅក្នុងទីនេះទាំងប៉ុន្មាន មិនត្រូវប៉ះពាល់ ឬធ្វើការដឹកចល័តចេញពីទីស្តុកទុកនេះជាដាច់ខាត ហើយក្រុមហ៊ុនត្រូវទៅធ្វើច្បាប់ សម្រាប់បើករោងសិប្បកម្មកែច្នៃឈើ និងការរាប់ វាស់ចំនួនឈើ ពីមន្ត្រីជំនាញព្រៃឈើ ឲ្យបានត្រឹមត្រូវជាមុនសិន។
លោក វង្ស វិស្សិត បានបញ្ជាក់ថា ឈើទាំងអស់នេះ មន្ត្រីរដ្ឋបាលព្រៃឈើ នឹងចុះរាប់ចំនួនដុំ និងវាស់ឲ្យបានដឹងពីចំនួនម៉ែត្រគូបឲ្យបានត្រឹមត្រូវ នៅថ្ងៃទី២៩កក្កដា ស្អែកនេះ។ តែលោកមិនបានបញ្ជាក់ ពីការរឹបអូសយកឈើទាំងនោះ មកទុកជាសម្បត្តិរដ្ឋនោះទេ៕,ដើមក្រសាំង