ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម វាយតម្លៃជាក់ស្តែងការខូចខាតស្រូវប្រជាកសិករ ដោយសារទឹកជំនន់នៅស្រុកកំពង់ស្វាយជិត ៣០០០ហិតា

0

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំ និងអមដំណើរដោយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១បានថ្លែងថា ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង២០០០ហិចតានេះ ឃើញមានស្រូវប្រមាណជា៥០ភាគរយប៉ុណ្ណោះ ព្រោះទីតាំងខាងលើនេះវាមិនស្រូវ ១០០ភាគរយនោះទេ គឺមានស្រូវ ស្មោង ស្រង៉ែ លាយឡំគ្នា។ ដូច្នេះសូមអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពបានត្រឹមត្រូវ និងច្បាស់លាស់ថា តើប្រជាកសិករយើងអាចមានលទ្ធិភាព បន្តធ្វើស្រូវប្រាំងក្នុងខែវិច្ឆិកា និងខែធ្នូបានដែរទេ ។ សូមស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំពីស្បៀងរបស់រដ្ឋ ហើយចែកជូនស្រូវពូជអោយគាត់តាមលទ្ធិភាពជាក់ស្តែង ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា ទឹកជំនន់ទាំងនេះគឺមិនអាចមានសភាពស្រកទេ គឺមានតែឡើងរហូត ព្រោះវាជាវស្សាហើយ ។ យោងតាមរបាយការណ៍ខេត្តកំពង់ធំ នាពេលនេះគឺស្រូវវស្សាឆ្នាំនេះរងការប៉ះពាល់សរុបទូទាំងខេត្តជិត១ម៉ឺនហិតា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ឆ្នាំនេះស្រូវមានតម្លៃទាប ត្រឹមតែ៧០០រៀល ទៅ៨០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ប្រជាកសិករយើងគ្មានប្រាក់ចំណេញទេ គឺមានតែខាតដើម ខាតចុង គឺនិយាយជារួមទៅគឺប្រជាកសិករយើងមិនបានចំណេញសោះ នេះហើយវាមានការលំបាក ដូច្នេះមានតែ ការទាមទារដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលពិចារណាទៅលើការនាំចេញអង្ករ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ឆ្នាំនេះមូលហេតុដែលប្រជាកសិករយើងបន្ថយការផលិតស្រូវ គឺមានមូលហេតុ ដូច្នេះថា កត្តាតម្លៃប្រេង តម្លៃជីកសិកម្ម តម្លៃភ្ជួររាស់ តម្លៃដឹកជញ្ជូន កត្តាឡើងថ្លៃនេះហើយបានធ្វើអោយប្រជាកសិករយើងបន្ថយការផលិតស្រូវ ព្រោះតែតម្លៃដើមថ្លៃ គ្មានទទួលការចំណេញ ដូច្នេះពួកគាត់បន្ថយការផលិតតែម្តង ថយចុះរហូតដល់៧ម៉ឺនហិតា បើប្រៀបធៀបឆ្នាំមុនៗ ក្នុងខេត្តកំពង់ធំ ។

ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានអោយអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងអស់សូមត្រៀមខ្លួនអោយជាស្រាច ប្រសិនស្រូវរបស់ប្រជាកសិកររូបណាម្នាក់មិនអាចយកម៉ាស៊ីនច្រូតកាត់មិនបានទេ គឺសូមត្រៀមខ្លួនចុះច្រូតកាត់ ជូនពួកគាត់អោយទាន់ពេលវេលា ៕

Leave A Reply

Your email address will not be published.