លោកឧត្តមសេនីយ៍ ម៉ុន ម៌ាគា បើកពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែមិថុនា និងលើកទិសដៅបន្ត!
ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំ “ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ” ។
ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការ ក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ ។
លោកឧត្តមសេនីយ៍ស្នងការ បានកោតសរសើរចំពោះ មន្ត្រីនៅតាមបណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ។ បន្តយកចិត្តទុកដាក់ចំពោះ មន្ត្រីដែលខិតខំប្រឹងប្រែងបំពេញការងារ ជាពិសេស មន្ត្រីដែលបានបំរើការងារ យូរយារមកហើយ (តាំងពីជំនាន់A3) នៅមូលដ្ឋានតាមបណ្តាប៉ុស្តិ៍រដ្ឋបាល ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្ថែម ឲ្យមន្ត្រីទាំងអស់ បន្តការយកចិត្តទុកដាក់ សាមគ្គីភាពផ្ទៃក្នុង នឹងអង្គភាពនានា ការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ត្រៀមជួយអន្តរាគមន៍ បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បង្កើតក្រុមការងារចុះជួយតាមបណ្ដាអធិការក្រុង-ស្រុក បន្តការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច ផលប៉ះពាល់នៃគ្រឿងញៀន បង្ការសង្គ្រោះពន្លត់អគ្គីភ័យ បន្តបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់នានា គ្រោះថ្នាក់ធម្មជាតិ នៅក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ និងបានដាក់ចេញនូវទិសដៅបន្តសម្រាប់អនុវត្តន៍ ជូនមន្ត្រីជំនាញនានា សម្រាប់យកមកអនុវត្តន៍ ពិសេសការពង្រឹងសមត្ថភាពកម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន ។ ក្នុង ឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានមានប្រសាសន៍ ទាក់ទងទៅនឹង មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវខិតខំបំពេញការងារឲ្យបានកាន់ល្អប្រសើរ ជាពិសេសត្រូវអនុវត្តទៅតាមនីតិវិធី និងបន្តផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរយាន្តយន្តគ្រប់ប្រភេទ ឲ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក អនុក្រឹត្យ៣៩ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕