ប៉ាឡេស្ទីន បាញ់រ៉ុកកែតជាង ១០០ គ្រាប់ទៅលើអ៊ីស្រាអែល!
ក្រុមប្រដាប់អាវុធជីហាដ ឥស្លាមរបស់ប៉ាឡេស្ទីនកាលពីថ្ងៃសុក្របានបាញ់រ៉ុកកែតជាង ១០០ គ្រាប់ពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ទីក្រុងនានារបស់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការធ្វើឃាតរបស់អ៊ីស្រាអែលទៅលើមេដឹកនាំកំពូលម្នាក់ ។
ក្រុមនេះបាននិយាយថា “ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មនៃការធ្វើឃាតលោក Al-Jabari និងសមមិត្តរបស់គាត់ ក្រុម Saraya al-Quds បានទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលជាង ១០០ គ្រាប់នៅទីក្រុង Tel Aviv និងទីក្រុងផ្សេងទៀតរបស់អ៊ីស្រាអែល” ។
ទន្ទឹមនោះដែរ កងទ័ពអ៊ីស្រាអែលក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ស៊ីរ៉ែនព្រមានត្រូវបានបន្លឺឡើងនៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូង និងក្នុងទីក្រុងជាច្រើនផ្សេងទៀតនៅជិតទីក្រុង Tel Aviv ភាគកណ្តាលប្រទេសអ៊ីស្រាអែល ដោយសារតែការបាញ់គ្រាប់រ៉ុកកែរចេញពីតំបន់ហ្គាហ្សាស្ទ្រីប ។
ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃសុក្របានចាប់ផ្តើមការវាយប្រហារផ្លូវអាកាសលើគោលដៅរបស់ក្រុមជីហាដអ៊ីស្លាមនៅក្នុងតំបន់ Gaza Strip ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០ នាក់រួមទាំងក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ផងដែរ ។
បច្ចុប្បន្ន ភាពតានតឹងនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍មុន បន្ទាប់ពីអ៊ីស្រាអែលបានចាប់ខ្លួនលោក Bassam al-Saadi មេដឹកនាំចលនាជីហាដអ៊ីស្លាមនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើងតំបន់ West Bank ខណៈកាលពីថ្ងៃអង្គារ អ៊ីស្រាអែលក៏បានប្រកាសពីវិធានការមួយប្រឆាំងនឹងតំបនហ្គាហ្សាស្ទ្រីបផងដែរ ដោយសារការភ័យខ្លាចចំពោះការឆ្លើយតបរបស់ក្រុមជីហាដអ៊ីស្លាមលើការចាប់ខ្លួនលោក al-Saadi ៕