លិចទូកកណ្តាលទន្លេស្រែពក បាត់មនុស្សនិងម៉ូតូ៤គ្រឿង
រតនគិរី ៖ ទូកដរចម្លង១គ្រឿងដឹកមនុស្សនិងម៉ូតូលើសទម្ងន់ បានលិច នៅកណ្តាលទន្លេស្រែពក ហើយបានបាត់ខ្លួនមនុស្សម្នាក់ និងម៉ូតូចំនួន៤គ្រឿង ប៉ុន្តែមនុស្សប៉ុន្មាននាក់ទៀត បានរួចផុតពីស្លាប់
ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង ០៧និង១០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ត្រង់ចំណុចចម្លងទូកដរ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
បើយោងតាមរបាយការណ៍ពីស្នងការនគរបាលខេត្ត បានឲ្យដឹងថា ករណីលិចទូកដរបណ្តាលមកពីទូកផ្ទុកមនុស្សលើសទម្ងន់ ទៅដល់១២នាក់ ក្នុងនោះស្រី ៦នាក់និងម៉ូតូ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរគួចខ្លាំងផងនោះ ធ្វើឲ្យទូកលិចតែម្តង។ ក្នុងហេតុការនេះបណ្តាលឲ្យបាត់ខ្លួនមនុស្សម្នាក់ ចំណែកមនុស្ស១១នាក់ទៀតត្រូវបានសមត្ថកិច្ចជួយសង្រ្គោះ ទាន់ពេលវេលា។
របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួន នោះ ឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និងលិចបាត់ម៉ូតូចំនួន៤គ្រឿង រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង និងម៉ូតូម៉ាក វេវ ឆ្លាមចំនួន ២គ្រឿង។
ក្រោយកើតហេតុភ្លាម កម្លាំងប៉ុស្តិ៍ កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងអាវុធហត្ថស្រុក បានចុះមកអន្តរាគមន៍ កំពុងស្វែងរកអ្នកដែលបានបាត់ខ្លួន៕