ផ្ទុះហាងលក់ទំនិញមួយកន្លែងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរបួសជាច្រើននាក់នៅរដ្ឋធានីអាមេនី!
យោងតាមក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ហើយមនុស្សជាច្រើននាក់ទៀតត្រូវបានជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងមួយ បានបំផ្ទុះពេញទីផ្សារលក់រាយក្នុងរដ្ឋធានី Yerevan របស់ប្រទេសអាមេនី។
លោក Levon Sardaryan អ្នកនាំពាក្យរបស់អភិបាលក្រុង Yerevan បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា បុគ្គលិកជួយសង្គ្រោះកំពុងធ្វើការដើម្បីទាញមនុស្សចេញពីគំនរបាក់បែក។
ក្រសួងស្ថានការណ៍គ្រាអាសន្នបាននិយាយថា មានរថយន្តពន្លត់អគ្គិភ័យ១០គ្រឿងនៅនឹងកន្លែង ហើយ១០គ្រឿងទៀតកំពុងធ្វើដំណើរទៅផ្សារ Surmalu ដែលមានទីតាំងប្រហែល ២ គីឡូម៉ែត្រ (១,២ ម៉ាយ) ភាគខាងត្បូងកណ្តាលក្រុង។
យោងតាមក្រសួងពាក់ព័ន្ធបានឲ្យដឹងថា ការផ្ទុះបានចាប់ផ្តើមនៅកន្លែងដែលលក់កាំជ្រួច ហើយពួកគេជឿថានោះជាមូលហេតុនៃការផ្ទុះនេះ៕