ជំនាញខណ្ឌជលផលព្រៃវែង ចុះរុះរើសម្រាស់ហ៊ុំព័ទ្ធត្រី ទំហំសរុប៩០០ម៉ែត្រក្រឡា នៅបឹងស្នេហ៍
(ព្រៃវែង)៖ សម្រាស់ដែលគេបានដាក់ហ៊ុំព័ទ្ធត្រីនៅក្នុងបឹងស្នេហ៍ មានទំហំតូចៗចាប់ពី៤ទៅ៥ម៉ែត្រក្រឡា ជាច្រើនកន្លែង ត្រូវបានរុះរើដោយក្រុមការងារបន្ទាប់ពីមានសំណូមពរពីមូលដ្ឋាន។ នេះបើតាមលោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែងបានប្រាប់ឱ្យដឹង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ។
សម្រាស់ដែលត្រូវបានរុះរើបានដឹកយក ទៅទម្លាក់នៅក្នុងតំបន់អភិរក្សមេពូជត្រីបឹងស្នេហ៍ដែលមានទឹកនៅជ្រៅជាងឆ្នាំមុនៗ។
សម្រាស់ដែលបានរុះរើសរុបមានទំហំប្រមាណជា៩០០ក្រឡា។
ករណីនេះធ្វើឡើងចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ រវាងខណ្ឌរដ្ឋបាលជលផលព្រៃវែង សហការជាមួយនឹងសហគមន៍នេសាទបឹងស្នេហ៍ និងប៉ុស្តិ៍រដ្ឋបាលឃុំធាយ បានចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បង្ក្រាបបទល្មើសជលផល ដោយដាក់សម្រាស់ដើម្បីចាប់ត្រីជាច្រើនកន្លែងមានទំហំសរុប៩០០ម៉ែត្រក្រឡា នៅចំណុចអន្លង់ទង់វាភូមិកំពង់ស្លែងឃុំធាយស្រុកបាភ្នំ ដោយក្រុមការ ងារបានធ្វើការរុះរើនិងបំផ្លាញចោល ។
ដោយឡែកនៅថ្ងៃទី២២ ខែមីនាខណ្ឌរដ្ឋបាលនេះ បានដឹកនាំក្រុមការងារចុះទប់ស្កាត់បទល្មើសនេសាទបានមួយករណីនៅចំណុចព្រែកតាពុធ ភូមិតាហ៊េខ ឃុំរាធរ ស្រុកព្រះស្តេច បានមួយករណីដោយបំផ្លាញចោលវត្ថុតានៅនឹងកន្លែងរួមមានលូស្បៃមុង៨មាត់ របាំងស្បៃមុងប្រវែង៤០០ម៉ែត្រ បង្គោលចំរឹង១៣០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងវិញចំនួន១០គីឡូក្រាម៕