ក្រោមការដឹកនាំដ៏បុិនប្រសព្វឆ្លាតវៃរបស់លោកអភិបាលខេត្ត អ៊ុន ចាន់ដា ទំនាស់ដីធ្លីរាំរ៉ៃជាង១៥ឆ្នាំ ត្រូវបានបញ្ចប់ត្រឹមរយៈពេល៣ម៉ោង
ខេត្តកំពង់ចាម ៖ ទំនាស់ដីធ្លីរាំរ៉ៃជាង១៥ឆ្នាំ ត្រូវបានលោកអភិបាលខេត្តកំពង់ចាម ដោះស្រាយតាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ទទួលបានជោគជ័យត្រឹមរយៈពេលជាង ៣ម៉ោង។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យទីតាំងទំនាស់ដីធ្លី និងដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ ករណីស្នើសុំបើកផ្លូវរធ្លា ស្ថិតក្នុងភូមិតាសែន ឃុំសូទឹប ស្រុកជើងព្រៃ ដែលមានភាគីដើមបណ្តឹង ចំនួន ៨គ្រួសារ និងភាគីចុងបណ្តឹង ចំនួន ១គ្រួសារ ។
ក្រោមកិច្ចសម្រុះសម្រួល និងដោះស្រាយដោយភាពបុិនប្រសព្វរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យទំនាស់រាំរ៉ៃជាង១៥ឆ្នាំ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយភាគីចុងបណ្តឹង និងភាគីដើមបណ្តឹង ឯកភាពគ្នាក្នុងការបើកផ្លូវធ្លា ចាប់ពីដើមផ្លូវ រហូតទៅដល់ចុងផ្លូវ មានប្រវែង១៤១,៤៨ម៉ែត្រ និងបានព្រមព្រៀងគ្នាដោយបរិច្ចាកជាថវិកា និងបរិច្ចាកដីធ្លីសម្រាប់បើកផ្លូវធ្លាខាងលើជាប្រយោជន៍សាធារណៈផងដែរ ៕