ល្បែង”អនឡាញ”កំពុងរីកដូចផ្សិតនៅស្រុកកៀនស្វាយពលរដ្ឋសំណូមពរអោយសមត្ថកិច្ចបង្រ្កាបម្តងកុំធ្វើកិច្ចសន្យាដូចវែកចក!

0

ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍ សកម្មភាពនៃការបើក ល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ កំពុងពេញនិយមខ្លាំងណាស់ នៅក្នុងភូមិសាស្ត្រ ស្រុកកៀនស្វាយ ខេត្តកណ្ដាល សកម្មភាពនេះត្រូវបានគេមើលឃើញថាវាផ្ទុយ និង គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។

ជាក់ស្ដែងនៅតាមបណ្ដាហាងកាហ្វេនីមួយៗក្នុងស្រុកកៀនស្វាយ គឺ មានអ្នកញៀនល្បែង”អនឡាញ”ភ្នាល់ចាក់លុយធំៗនិងបានស្រែកហ៊ោកញ្ច្រៀវ យ៉ាងគគ្រឹកគគ្រេងបំផុតហាក់បីដូចជាមោទនភាពនិងល្បែងខុសច្បាប់នេះណាស់ ។

ករណីនេះកន្លងមក អាជ្ញាធររួមនិងសមត្ថកិច្ចមូលដ្ឋាន បានត្រឹមធ្វើកិច្ចសន្យាឱ្យឈប់លុះសមត្ថកិច្ចចេញផុត បើកលេងវិញលើសដើម។ សកម្មភាពនេះ«ហាក់បីដូចជា ម្ចាស់ទីតាំងនិងសមត្ថកិច្ច កំពុងលេងបិទពួន ដើម្បីបន្លំភ្នែកមហាជន»។

បើទោះបីជាមានការអះអាង ពីអាជ្ញាធរបែបនេះក្ដី ប៉ុន្តែជាក់ស្ដែងទីតាំងល្បែង”អនឡាញ”ជាច្រើនកន្លែងកំពុងបើកដំណើរការយ៉ាងពេញបន្ទុកដដែល ។ រួមមាន ៖

ទីតាំងទី១៖ ត្រង់ចំណុចហាងកាហ្វេ”ផ្ទះតាជួន-យាយសំ”ខាងជើងវត្តគគីរធំ(ហៅវត្តចាស់)ប្រហែលជាង១០ម៉ែត្រ ស្ថិតនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ មានបង្កប់លេងបៀរទៀតផង។

២៖ ហាងកាហ្វេក្បែរ”ផ្ទះតារឿនចុងភៅ”ស្ថិតនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។

៣៖ ហាងកាហ្វេមុខ”ផ្ទះតាលឺ”ជនជាតិវៀតណាម កែងដើមជ្រៃ ស្ថិតនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។

៤៖ ផ្ទះលក់កាហ្វេ ជនជាតិវៀតណាម
ក្រោយរោងចក្រ សួនឧស្សាហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ.មានបង្កប់ល្បែងស៊ីសងបៀរនិងអាប៉ោង។

៥៖ ចំណុចតារាងបាល់ទះ ខាងក្រោយសាលាឃុំសំរោងធំ ស្ថិតនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ មានបង្កប់ បៀរនិងអាប៉ោង។

៦៖ ត្រង់ចំណុចកែងផ្លូវលំដើមត្នោត (ចុះទៅដីអតីតឡោកហួរ)តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

៧៖ ត្រង់ចំណុចផ្ទះលក់កាហ្វេ ភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

៨៖ ត្រង់ចំណុចផ្ទះលក់កាហ្វេ ជនជាតិវៀតណាម ក្បែរ”កំពង់ដ ផ្លូវត្រី”ចំនួន២ទីតាំងទល់មុខគ្នា ស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ.មានបង្កប់ បៀរនិងអាប៉ោងផងដែរ។

នេះគ្រាន់តែជាទីតាំងទ្រួសៗ មួយចំនួនតូចដែល ដើមក្រសាំង ទទួលបានទិន្នន័យបានប៉ុណ្ណោះ ។

ដោយនៅក្នុងភូមិសាស្ត្រ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅមានទីតាំងល្បែង”អនឡាញ”ជាច្រើនកន្លែងទៀត ដែលកំពុងបើក ដំណើរការយ៉ាងពេញបន្ទុកដូចគ្នា ។
ពោលគឺលេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ.!។

កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។

ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់វក់វី និងការផ្សងសំណាង ។
ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ី ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ។
រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុលទៀតផង ។
អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។

ព្រោះថា អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា ប្រើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

អាស្រ័យហេតុនេះ ពលរដ្ឋសូមស្នើដល់លោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជាពិសេសលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកគៀនស្វាយ បានអោយដឹងថា សមត្ថកិច្ចលោកបានចុះណែនាំបិតមួយចំនួនហើយ ទាំងឡូតូនិងមាន់ទូរទស្សន៍អនឡាញ ។ លោកអធិការប្រាប់ថា ពិបាកណាស់ ព្រោះពួកអ្នកបើកល្បែងពេលសមត្ថកិច្ចលោកចុះទៅដល់ទីតាំង គេបិទូរទស្សន៍មាន់ជល់ ទុកតែទូរទស្សន៍ ឡូតូ ហើយយកអាជ្ញាប័ណ្ណមកបង្ហាញថា មានច្បាប់ ។ លោកបន្តថា ថ្ងៃក្រោយបង្ក្រាបយកមកទាំងអស់ និង ទោះមានអាជ្ញាប័ណ្ណក៏ដោយ មិនត្រូវលេងអណាធិប្បតេយ្យបែបនេះទេ ព្រោះចៅហ្វាយស្រុកលោកក៏មិនពេញចិត្តដែរព្រោះទើបឡើងថ្មី ។
ចុងក្រោយលោកអធិការ សុំសំណូមពរអោយអ្នកសារព័ត៌មានយើងជួយផ្សាយអោយ មានការបិទទាំងអស់ផង ពិសេស ឡូតូ និងសត្វ១២(យូគី) ៕,ដើមក្រសាំង

Leave A Reply

Your email address will not be published.