ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តកំពត ចំនួន៤រូប ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ!
កំពត ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលខេត្តកំពត បានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តចំនួន៤រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ឯកឧត្តម អគ្គនាយក អគ្គនាយករង ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម អភិបាលខេត្ត លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជាវិញខេត្ត លោកស្នងការ ស្នងការរង លោកមេបញ្ជាកាអាវុធ , មេបញ្ជាការរង លោក លោក លោកស្រីជាប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រី ជាអភិបាលក្រុង-ស្រុក និងលោកមេឃុំ – ចៅសង្កាត់ និងមន្ត្រីជាច្រើននាក់ទៀត។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៦៤៩ អនក្រ.តត ចុះថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន០៤រូប ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពតរួមមាន ៖ ទី១-លោក ពេញ ធារម្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត។ ទី២-លោក សេន សាប៊ីល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត។ ទី៣-លោក ខៀវ រិទ្ធិភ័ណ្ឌ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត និងទី៤-លោក ង៉ាន់ ថារិទ្ធ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត។
ឯកឧត្តម រដ្ឋលេខាធិការ ផាន់ ចាន់ធុល បានមានប្រសាសន៍ផ្តាំផ្ញើដល់អភិបាលរងខេត្តទាំង៤រូប ដែលទើបត្រូវបានតែងតាំងថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនទៅមុខជាលំដាប់ និងត្រូវចេះរួមសហការគ្នាឲ្យបានល្អប្រសើរ៕