សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះមុខថា បើបង្ក្រាបពួកប្រព្រឹត្តបទល្មើសនេសាទមិនបាន មិនបាច់ធ្វើអភិបាលខេត្ត រដ្ឋមន្ត្រី មេនគរបាល និងមេទាហាននោះទេ

0

(ភ្នំពេញ)៖ ការប្រមានធ្ងន់ៗចំពោះមុខបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មនិងព្រមានធ្ងន់ៗថា ប្រសិនបើបង្ក្រាបក្រុមប្រព្រឹត្តបទល្មើសនេសាទមិនបាននោះទេ មិនចាំបាច់ធ្វើជាអភិបាលខេត្ត ធ្វើជារដ្ឋមន្ត្រី ធ្វើជាមេនរគបាល និងធ្វើជាមេទាហាននោះទេ។
ជុំវិញករណីបង្ក្រាបបទល្មើសនេសាទនេះ មន្ត្រី និងអាជ្ញាធរបានអះអាងប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ចាប់ជនល្មើសនេសាទខុសច្បាប់មិនបានទេ ដោយសារមានករណីបែកការណ៍មុន ដែលធ្វើឱ្យពួកជនល្មើសដឹងខ្លួន ហើយបើកទូកក្នុងល្បឿនលឿនគេចចេញទៅ។
សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗយ៉ាងដូច្នេះថា «អាឡូវយើងជាអ្នកកាន់ដ៏ប៉ុណ្ណឹងបង្ក្រាបពួកអាហ្នឹងមិនបានយើងមិនបាច់ធ្វើចៅហ្វាយខេត្ត និយាយគ្នាឱ្យត្រង់ៗ ហើយក៏មិនចាំបាច់ធ្វើរដ្ឋមន្ត្រីកសិកម្ម មិនចាំបាច់ធ្វើរដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្ត្រីបរិស្ថានអីទេ បើគ្រាន់តែធ្វើប៉ុណ្ណឹង ធ្វើមិនឈ្នះនោះ កុំធ្វើជាមេទាហាន មេប៉ូលីសបន្តទៀត អាឡូវមើល នាំគ្នាបន្ទាប់ពីហ្នឹងទៅនាំគ្នាធ្វើទៅ […] អាឡូវបណ្តាខេត្តជុំវិញបឹងទន្លេសាប ធ្វើបាន ឬមិនបានមើលសន្យាជាមួយគ្នានៅចំពោះមុខ មកពីអស់លោកអត់ព្រមធ្វើរឿងវានៅកន្លែងហ្នឹងទេ»។
ជុំវិញចំពោះនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់អភិបាលខេត្តពោធិ៍សាត់ បានរាយការណ៍មកថា លោកបានឱ្យឈ្មោះ និងរាយការណ៍ដើម្បីបង្ក្រាបបទល្មើសនេសាទ ប៉ុន្តែ បែរជាមន្ត្រីបង្ក្រាបក្រុមជនល្មើសមិនដោយលើកឡើងថាជនល្មើសរត់បាត់ទៅវិញ ដោយអះអាងថាជនល្មើសប្រើប្រាស់ទូកលឿនជាងសមត្ថកិច្ច។
«ចុះទុកវាលឿន វាផុតត្រឹមរដ្ឋអំណាចយើងខ្វះសមត្ថភាព ដើម្បីដេញទូកលឿនហ្នឹង សម្តេចបានចោទជាសំណួរថា តើក្រុមជនល្មើសរត់ទៅណា រត់ទៅប្រទេសវៀតណាម ក៏មិនរួច រត់ទៅប្រទេសថៃ ក៏មិនរួច រត់ទៅឡាវ ក៏មិនរួច គឺនៅតែជុំវិញបឹងទន្លេសាប ដេញហ្អ្រែងទាល់តែអស់»។ នេះជាការចោទជាចម្ងល់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើមិនបង្ក្រាបក្រុមជនល្មើសប្រព្រឹត្តបទល្មើសនេសាទនេះឱ្យអស់ពីបឹងទន្លេសាបនោះទេ អនាគតបឹងទន្លេសាបនឹងអស់ត្រី សម្រាប់បរិភោគជាក់ជាមិនខាន។
នាយករដ្ឋមន្ត្រីនៃកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ការបាត់បង់ព្រៃលិចទឹកម្ខាង ការបាត់បង់ត្រីម្ខាង អីឡូវផ្ទៃដីជាង៦ម៉ឺនហិកតា ត្រូវដាំព្រៃលិចទឹកឡើងវិញ ដើម្បីការពារបឹងទន្លេសាបរបស់យើង ជាពិសេសសូមកុំឱ្យមានបន្តសកម្មភាពទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបឡើងវិញជាដាច់ខាត។ សម្តេចថា ប្រសិនបើមិនទប់ស្កាត់ទាន់ពេលនោះទេច្បាស់ណាស់បទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប នឹងរីករាលដាលជាបន្តបន្ទាប់ជាក់ជាមិនខាន។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទ កាប់ទន្ទ្រានព្រៃឈើ គឺគណៈអភិបាលខេត្ត ជាកម្លាំងនាំមុខគេ ពីព្រោះអំណាចត្រូវបានប្រគល់ជូនអស់ហើយ ដូច្នេះ ត្រូវតែចេញមុខប្រតិបត្តិការងារបង្ក្រាបបទល្មើសទាំងនេះ ដោយមិនរងចាំការអនុញ្ញាតពីក្រសួងជំនាញនោះទេ ព្រមជាមួយគ្នានេះពេលត្រឡប់ទៅវិញបណ្តាខេត្តនីមួយត្រូវរៀបចំផែនការរបស់ខ្លួន បង្ក្រាបពួកបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព។
សម្ដេចតេជោ ហ៊ុន សែន ក៏បានចំអកឱ្យមន្ត្រី និងអាជ្ញាធរថា បង្ក្រាបបានតែអ្នកដាក់មងតូចតាច មិនដែលបង្ក្រាបទូកនេសាទត្រី បានម្ដង១តោនឡើយ។ ចំណែកបង្ក្រាបឈើដូចគ្នា គឺបង្ក្រាបបានតែអ្នកកាប់អុសតូចតាច មិនដែលបង្ក្រាប់បានអ្នករកស៊ីឈើធំៗបានដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើសនេសាទ ជាពិសេសការទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបនេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីដាក់ចេញវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕

Leave A Reply

Your email address will not be published.