ព្រោះតែបំណុលវ័ណ្ឌក ស្រីលង្កា ប្រកាសលក់ហ៊ុននៃក្រុមហ៊ុនអាកាសចរណ៍ជាតិទៅអ្នកវិនិយោគ​បរទេស!

0

ប្រទេសស្រីលង្កាកាលពីថ្ងៃចន្ទបានប្រកាសនឹងលក់ភាគហ៊ុនចំនួន ៤៩ ភាគរយនៃក្រុមហ៊ុនអាកាសចរណ៍ជាតិដែលកំពុងវ័ណ្ឌ កដោយបំណុល ទៅឲ្យអ្នកវិនិយោគបរទេស ខណៈដែលបំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍ Sri Lankan Airlines ឈានដល់ ១.១២ ពាន់លានដុល្លារ ។

រដ្ឋមន្ត្រីកំពង់ផែ ដឹកជញ្ជូន និងអាកាសចរណ៍លោក Nimal Siripala De Silva បាននិយាយថា ភាគហ៊ុន ៤៩ ភាគរយរបស់ក្រុមហ៊ុន Sri Lankan Airlines នឹងលក់ទៅអ្នកវិនិយោគបរទេស ខណៈដែល ៥១ ភាគរយនឹងត្រូវបានរក្សាទុកជាមួយរដ្ឋ ហើយប្រាក់ដែលទទួលបានពីការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ នឹងត្រូវយកទៅសងបំណុល ។

ទន្ទឹមនោះ រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រុម​ប្រឹក្សា​ភិបាល​អគ្គិសនីរដ្ឋ Ceylon ​អាច​នឹង​ត្រូវ​ធ្វើ​ឯកជនភាវូបនីយកម្ម​ ដោយ​សារ​តែ​ការ​ខាត​បង់កំពុង​កើន​ឡើង ហើយការសម្រេចចិត្តកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលត្រូវបានធ្វើឡើងនៅពីក្រោយវាំងនននៃការចរចាដែលកំពុងបន្ត ដើម្បីឈានដល់កញ្ចប់ថវិកាសង្គ្រោះចំនួន ៣ ពាន់លានដុល្លារជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

គួររំលឹកថា កាលពីសប្តាហ៍មុន ក្រុម IMF បានមកដល់ប្រទេសនេះ ដើម្បីពិភាក្សាអំពីកញ្ចប់ថវិកាសង្គ្រោះជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងប្រធានាធិបតីលោក Ranil Wickremesinghe ផងដែរ ហើយក្នុងនោះក្រុម IMF ក៏បានពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលរបស់ប្រទេសស្រីលង្កាដែលមានប្រហែល ២៩ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា ប្រទេសកោះដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៤៨ ដោយសារតែទុនបម្រុងរូបិយប័ណ្ណបរទេសបានធ្លាក់ចុះដល់ ៣០០ លានដុល្លារ អំឡុងពេលរោគរាតត្បាតកូវីដ ១៩ ៕

Leave A Reply

Your email address will not be published.