ប៉ាគីស្ថាន ព្រួយបារម្ភខ្លាំងនៃការប្រឈមនឹងជំងឺឆ្លងក្រោយពេលទឹកស្រក!
មន្ត្រីនៅក្នុងប្រទេសប៉ាគីស្ថានបានលើកឡើងពីការព្រួយបារម្ភកាលពីថ្ងៃពុធ ជុំវិញការរីករាលដាលនៃជំងឺរាតត្បាតក្រោយទឹកជំនន់ស្រកចុះ ខណៈដែលទឹកពីភ្លៀងមូសុងដ៏ខ្លាំងបានវាយប្រហារតំបន់ជាច្រើននៃប្រទេស។
ក្រុមគ្រូពេទ្យខ្លះបាននិយាយថា ដំបូងឡើយពួកគេឃើញអ្នកជំងឺភាគច្រើនមានរបួសដោយសារទឹកជំនន់ ប៉ុន្តែឥឡូវនេះកំពុងព្យាបាលអ្នកដែលមានជំងឺរាគរូស ការឆ្លងមេរោគលើស្បែក និងជំងឺឆ្លងតាមទឹកផ្សេងទៀតនៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់របស់ប្រទេស។
កាលៈទេសៈនេះ បានបង្ខំឱ្យរដ្ឋាភិបាលដាក់ពង្រាយក្រុមគ្រូពេទ្យបន្ថែម បញ្ជូនថ្នាំពេទ្យ និងផ្តល់ទឹកស្អាតដល់អ្នករស់រានមានជីវិត ដែលភាគច្រើនរស់នៅក្នុងតង់ និងផ្ទះបណ្តោះអាសន្ន។
បន្ទាប់ពីទឹកជំនន់ដែលបំបែកកំណត់ត្រាពិភពលោកមួយនេះ អង្គការសហប្រជាជាតិចេញការអំពាវនាវជាផ្លូវការសម្រាប់មូលនិធិសង្គ្រោះបន្ទាន់ចំនួន $160 លានដុល្លារដល់ប្រទេសអ៊ីស្លាមក្រីក្រមួយនេះ។
ក្នុងនោះដែរ យោងតាមមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ ស្ត្រីមានផ្ទៃពោះប្រហែល 650,000 នាក់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ត្រូវការសេវាសុខភាពមាតាដើម្បីធានាបាននូវការមានផ្ទៃពោះ និងការសម្រាលកូនប្រកបដោយសុវត្ថិភាព។
អង្គការសុខភាពពិភពលោក WHO ក៏បានចាប់ផ្តើមផ្តល់ជំនួយដល់អាជ្ញាធរប៉ាគីស្ថានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីព្យាបាលអ្នករបួសដោយសារភ្លៀងធ្លាក់ និងទឹកជំនន់។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការដើម្បីបង្កើនការឃ្លាំមើលសម្រាប់ជំងឺរាគរូសស្រួចស្រាវ ជំងឺអាសន្នរោគ និងជំងឺឆ្លងផ្សេងទៀត ដើម្បីជៀសវាងការរីករាលដាលបន្ថែមទៀត ហើយក៏កំពុងផ្តល់ថ្នាំ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដល់គ្រឹះស្ថានសុខាភិបាលផងដែរ៕