មានការអះអាងថា ជនរងគ្រោះ បាញ់សម្លាប់ជនសង្ស័យម្នាក់ជាក្រុមចោរប្លន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹកព្រលឹម

0

(ភ្នំពេញ)៖ ស្នូរសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ទាំងព្រឹកព្រលឹម នៅផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំងខណៈជនសង្ស័យម្នាក់ត្រូវស្លាប់ដែលគេសង្ស័យថាជាក្រុមចោរមានបំណងប្លន់ម៉ូតូជនរងគ្រោះ ។
ហេតុការណ៍នេះ បានកេីតកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកព្រលឹម ថ្ងៃកើតហេតុ មានបុរសម្នាក់ ដែលជាជនរងគ្រោះ បានធ្វើដំណើរនៅលេីដងផ្លូវតែម្នាក់ឯង ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០២២ មួយគ្រឿង នៅលើផ្លូវ ៣០ម៉ែត ដោយធ្វេីដំណេីរហួសវត្តឫស្សីសាញ់ បានបន្តិច ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង និងប្រដាប់ដោយអាវុធខ្លីមួយដើម បានជិះមកក្បែរជនរងគ្រោះ និងធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេច តែនៅពេលដែលជនជនសង្ស័យលើកម៉ូតូរបស់ជនរងគ្រោះ រៀបនឹងជិះរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះដកអាវុធខ្លីបាញ់ទៅលើជនសង្ស័យ ដែលជិះម៉ូតូរបស់ខ្លួនជាច្រើនគ្រាប់ បណ្ដាលឲ្យដេកស្លាប់ស្ដូកស្ដឹងនៅលើម៉ូតូ នៅនឹងកន្លែងកេីតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ ប្រជាពលរដ្ឋ ក៏បានលើកឡើងផងដែរថា ជនសង្ស័យទាំងនេះ កន្លងមកក៏បានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋនៅតំបន់នេះជាច្រើនករណីមកហើយ ទើបតែករណីនេះ ប្លន់ប៉ះជនរងគ្រោះ ដែលមានអាវុធក៏បានបាញ់ការពារខ្លួនទៅលើជនសង្ស័យស្លាប់បាត់បង់ជីវិតតែម្ដង។

ចំណែកបក្ខពួកជនសង្ស័យ ៣នាក់ ក្រោយពេលកើតហេតុភ្លាមឃើញគ្នីគ្នាដេកដួលស្លាប់នៅនឹងកន្លែងកើតហេតុ ក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។
តែជនរងគ្រោះ ដែលជាអ្នកបាញ់ទៅលើក្រុមចោរប្លន់ស្លាប់មិនបានរត់គេចខ្លួនទេ ដោយសមត្ថកិច្ចនៅកន្លែងកើតហេតុធ្វើការឃាត់ខ្លនដើម្បីសាកសួរនិងបន្តនិតិវិធី ៕

Leave A Reply

Your email address will not be published.