បនល្បែងបញ្ជាល់មាន់តាមទូរទស្សន៍អនឡាញកើតមានរីករាលដាលដូចផ្សិតពេញក្រុងសៀមរាប បែរជាសមត្ថកិច្ចមិនបង្ក្រាប!

0

ខេត្តសៀមរាប ៖ ជាធម្មតាច្បាប់មិនបានលើកកម្ពស់ លើវិស័យល្បែងភ្នាល់ដែលនាំឲ្យខាតប្រយោជន៍ប្រជាជនឡើយ តែការអនុញ្ញាតិខ្លះក៏មិនបានពិនិត្យឲ្យច្បាស់អំពីចរិតនៃការស្នើសុំដែលបណ្តាលឲ្យផ្ទុយ និងគោលនយោបាយ ភូមិ_ឃុំ មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញកន្លងមក ហើយបទល្មើសខ្លះកើតមានដោយសារ ការអនុញ្ញាតិទាំងមិនយល់ន័យចរិតប្រភេទល្បែងសុីសងដែលអនុញ្ញាតិនោះផង ។

ជាក់ស្តែងរាល់ថ្ងៃគេសង្កេតឃើញសកម្មភាព នៃការបើកល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ កំពុងពេញនិយមខ្លាំងណាស់ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ។

ពិសេសនៅតាមបណ្ដាហាងកាហ្វេនីមួយៗក្នុងក្រុងសៀមរាប គឺក្រុមអ្នកញៀនល្បែង”អនឡាញ”ភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុតហាក់បីដូចជាប្រទេសគ្មានច្បាប់ទៅទៅហើយ ។

រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បែជារក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែក មើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពបើកល្បែង”អនឡាញ”ខុសច្បាប់ទាំងនេះទៅវិញ ។

សូមជម្រាបថាទីតាំងល្បែងអនឡាញខុសច្បាប់ទាំងនោះមាន
១៖ នៅចំណុចហាងកាហ្វេ ផ្លូវជន្លង់ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

២៖ នៅចំណុចហាងកាហ្វេ ខាងក្រោយផ្សារលើ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

៣៖ ចំណុចហាងកាហ្វេ ផ្លូវរាជនី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

៤៖ ចំណុចតារាងបាល់ទះ ខាងជើង”វត្តគោកបាទ្រី”ប្រហែង២០០ម៉ែត្រ ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

៥៖ ចំណុចហាងកាហ្វេ កែងកេះសគោល ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

៦៖ ចំណុចតារាងបាល់ទះ ស្តិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ទាំង៦កន្លែងខាងលើនេះ គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ ។

ពាក់ព័ន្ធករណីខាងលើ នៅព្រឹកថ្ងៃទី ៦ កញ្ញាដើមក្រសាំង បានព្យាយាមសុំការបកស្រាយ ពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដោយលោក លើកទូរស័ព្ទឆ្លើយថា “អូនច្រលំលេខហើយ បងជាអ្នករត់ផាស់អាប់ទេ” រួចក៏បិទ ។

ចំណែក លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានលើកទូរស័ព្ទ ហើយប្រាប់មកថា “លោកជាប់ប្រជុំបន្តិច!”

មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់ ។

ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជាមិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាចព្រោះរវល់វក់វី និងការផ្សងសំណាងភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ខុសចុបាប់ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។

ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកងពេញហាងកាហ្វេនិងតារាងបាល់ រីឯអ្នកចាញ់វិញប្រែទឹកមុខក្រៀមក្រំប្រឈមជំពាក់គេនិងត្រូវដោះបំណុលទៀតផង ។ អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នាកើតអារម្មណ៍មួម៉ៅក្រពុលមុខ មកផ្ទះវិញឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន ។

ព្រោះថាអ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួចចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម ។ល។

អាស្រ័យហេតុនេះ ពលរដ្ឋសូមស្នើដល់លោក ដា ចំរើន អធិការក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោក តេង ច័ន្ធណាត ស្នងការនគរបាលខេត្តសៀមរាប ជាពិសេសលោក ទៀសីហា អភិបាលខេត្តសៀមរាប មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ៕ដោយ៖ដើមក្រសាំង

Leave A Reply

Your email address will not be published.