រុស្ស៊ី បើកការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងមីសុីលសម្លាប់មនុស្ស ៥ នាក់នៅភាគខាងកើតអ៊ុយក្រែន!
មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រថា ការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ រួមទាំងស្ត្រី និង ១០ នាក់ផ្សេងទៀតរងរបួស។
លោក Oleh Syniehubov ប្រមុខរដ្ឋបាលយោធាក្នុងតំបន់ Kharkiv បាននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយកាំជ្រួច និងគ្រាប់រ៉ុក្កែតលើកណ្តាលទីក្រុង និងតំបន់ Kharkiv នៅពេលយប់។
ទន្ទឹមនឹងនេះ អភិបាលខេត្ត Donetsk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់នេះបានបណ្តាលឲ្យមនុស្ស ៩ នាក់ស្លាប់ និង ២៣ នាក់រងរបួសកាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការអ៊ុយក្រែនបានអះអាងថា ទាហានរុស្ស៊ីសរុបចំនួន ៥១.៩០០ នាក់បានបាត់បង់ជីវិតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ខណៈដែលទាហានចំនួន ៦៥០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានរុស្ស៊ី ១.៣៥១ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែទិន្នន័យស្តីពីការស្លាប់ និងរបួសមិនត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីនោះទេ៕