លោកស្នងការនគរបាលខេត្តត្បូងឃ្មុំ ផ្ញើសារចូលរួមរំលែកទុក្ខសពលោកឧត្តមសេនីយ៍ត្រី ឈឹមគឹមហុង ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់!
ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណៈភាពរបស់ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ ដែលបានទទួលអនិច្ចកម្ម ដោយជម្ងឺគាំងបេះដូង នៅវេលាម៉ោង ០២:០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៤៩ឆ្នាំ ។
ចំពោះសព ត្រូវបានដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាន ផ្ទះលេខ១៥ ផ្លូវលេខ៩(បូរីប៉េងហួត) ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សាររំលែកទុក្ខ
យើងខ្ញុំទាំងអស់គ្នា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំនេះ និងសូមចូលរួមរំលែកទុក្ខ ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយ ក្រុមគ្រួសារ នៃសព ចំពោះការបាត់បង់ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរង ដែលត្រូវជា ជាស្វាមី ជាឪពុក ជាបង ជាប្អូន ជាទីស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងនេះ ជាការបាត់បង់នូវ ធនធានមនុស្សប្រសើរ ។ គាត់បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីប្រកបដោយឆន្ទៈ មនសិការ ក្នុងការបំពេញភារកិច្ច នៅក្នុងអង្គភាព និងបំរើបងប្អូនប្រជាពលរដ្ឋ ផងដែរ ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕