មនុស្សរាប់សិបនាក់បានស្លាប់ ខណៈទូកដឹកជនចំណាកស្រុកលិចនៅស៊ីរី!
យោងតាមរដ្ឋាភិបាលស៊ីរីបានឱ្យដឹងថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ បន្ទាប់ពីទូកដឹកជនចំណាកស្រុក និងជនភៀសខ្លួនមកពីប្រទេសលីបង់ប៉ុន្មានថ្ងៃប៉ុណ្ណោះ បានក្រឡាប់នៅឆ្នេរសមុទ្រនៃប្រទេសស៊ីរី។
ក្រសួងសុខាភិបាលរបស់ប្រទេសស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមនុស្សដែលត្រូវបានគេរកឃើញថាបានស្លាប់បានកើនឡើងដល់ 34 នាក់” ដោយបន្ថែមថាអ្នកនៅរស់រានមានជីវិតចំនួន 20 នាក់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ Basel ក្នុងទីក្រុង Tartous ។
យ៉ាងណាមិញ សេចក្តីរាយការណ៍លម្អិតអំពីអត្តសញ្ញាណនៃជនភៀសខ្លួនទាំងនោះនៅមិនទាន់មានទៅឡើយទេ។
គួរជម្រាបថា ឧបទ្ទវហេតុនេះ គឺជាផ្នែកមួយនៃការស្លាប់ច្រើនបំផុតចាប់តាំងពីចំនួនកើនឡើងនៃចំនួនប្រជាជនលីបង់ ស៊ីរី និងប៉ាឡេស្ទីនបានព្យាយាមភៀសខ្លួនចេញពីប្រទេសលីបង់ដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច តាមសមុទ្រទៅកាន់អឺរ៉ុប។
សូមបញ្ជាក់ថា នៅក្នុងប្រទេសលីបង់បច្ចុប្បន្ន មនុស្សរាប់ម៉ឺននាក់បានបាត់បង់ការងាររបស់ពួកគេ ហើយប្រាក់ផោនលីបង់បានធ្លាក់ចុះជាង 90 ភាគរយនៃតម្លៃរបស់វា ដោយលុបបំបាត់អំណាចទិញរបស់គ្រួសាររាប់ពាន់គ្រួសារដែលឥឡូវនេះរស់នៅក្នុងភាពក្រីក្របំផុត៕