ទីបំផុត អ្នកទោសសង្គ្រាមដែលរុស្សុីបម្រុងកាត់ទោសប្រហារជីវិត ត្រូវបានដោះលែងបន្ទាប់ពីកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹករវាង រុស្ស៊ី-អ៊ុយក្រែន!

0

ឈ្លើយសឹកអង់គ្លេស 5 នាក់បានត្រលប់ទៅចក្រភពអង់គ្លេសវិញ ក្នុងការដោះដូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលទាហាន 55 នាក់នៃទីក្រុងម៉ូស្គូក៏ត្រូវបានដោះលែងចូលទៅក្នុងប្រទេសរុស្ស៊ី វិញបន្ទាប់ពីកិច្ចព្រមព្រៀងនេះផងដែរ។

 

ជនជាតិអង់គ្លេសទាំងប្រាំនាក់ រួមមាន៖ អៃឌែន អាស្លីន Aiden Aslin, សន ភីនឺ Shaun Pinner, ឌីលែន ហ៊ាលី Dylan Healy,ចន ហាឌីង John Harding និង អែនឌ្រូ ហ៊ាល Andrew Hill – ត្រូវបានជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍។

 

Presidium Network ដែលជាអង្គការមិនរកប្រាក់ចំណេញដែលធ្វើការងារសង្គ្រោះក្នុងប្រទេសអ៊ុយក្រែន រួមទាំងការជួយជម្លៀសខ្លួនផងដែរ បាននិយាយថា វាពិតជារីករាយណាស់ដែលបុរសទាំងនោះត្រូវបាននាំយកមកផ្ទះដោយសុវត្ថិភាព។

 

គួររំលឹកដែរថា អាស្លីន Aslin និង ភីនឺ Pinner ត្រូវបានចាប់ខ្លួនដោយកងកម្លាំងគាំទ្រដោយរុស្ស៊ីនៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនក្នុងខែមេសា ហើយត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសដោយខ្លួនឯង ដែលជាតំបន់បំបែកគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។

 

គួរជម្រាបថា ពួកគេរួមជាមួយនឹងបុរសជនជាតិម៉ារ៉ុក ឈ្មោះ ប្រាហីម ហ្សាដូន Brahim Saadoun ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ “សកម្មភាពស៊ីឈ្នួល និងប្រព្រឹត្តសកម្មភាពក្នុងគោលបំណងដណ្តើមអំណាច និងផ្តួលរំលំបទបញ្ជារដ្ឋធម្មនុញ្ញរបស់ DPR” ដែលជាការកាត់ទោសថ្កោលទោសដោយអ៊ុយក្រែន និងចក្រភពអង់គ្លេស៕

Leave A Reply

Your email address will not be published.