មនុស្ស៥នាក់បានស្លាប់ ក្នុងគ្រោះមហន្តរាយព្យុះទីហ្វុង Noru បានបោកបក់លើភាគខាងជើងហ្វីលីពីន!
ប្រទេសហ្វីលីពីន បានចាប់ផ្តើមយុទ្ធនាការសម្អាត បន្ទាប់ពីព្យុះទីហ្វុង Noru បានបោកបក់ពាសពេញតំបន់ភាគខាងជើងនៃប្រទេស ដែលបណ្តាលឱ្យអ្នកជួយសង្គ្រោះ 5 នាក់បានស្លាប់ ទឹកជំនន់ និងដាច់ចរន្តអគ្គិសនី ប៉ុន្តែបានធ្វើឱ្យរដ្ឋធានីនេះមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ។
ព្យុះទីហ្វុង Noru ដែលមានកម្លាំងខ្យល់បក់ជាប់គ្នាក្នុងល្បឿន 185 គីឡូម៉ែត្រ (115 ម៉ាយ) ក្នុងមួយម៉ោង គឺជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ។
ព្យុះនេះបានបោកបក់មកឆ្នេរសមុទ្រមុនពេលយប់ថ្ងៃអាទិត្យនៅឯទីប្រជុំជន Burdeos ក្នុងខេត្ត Quezon ហើយបានចុះខ្សោយនៅពេលវាឆ្លងចូលទៅក្នុងតំបន់ Luzon ខណៈដែលឱ្យអាជ្ញាធរបង្ខំចិត្តបិទសាលារៀន ការិយាល័យរដ្ឋាភិបាល និងមនុស្សរាប់ពាន់នាក់ត្រូវបានគេផ្លាស់ប្តូរទៅទីជម្រកសង្គ្រោះបន្ទាន់។
អភិបាលខេត្ត លោក Daniel Fernando នៃខេត្ត Bulacan ភាគខាងជើងទីក្រុងម៉ានីល បាននិយាយថា អ្នកជួយសង្គ្រោះប្រាំនាក់ ដែលកំពុងប្រើប្រាស់ទូក ដើម្បីជួយអ្នកស្រុកដែលជាប់ក្នុងទឹកជន់លិច ត្រូវបានបុកដោយជញ្ជាំងបាក់រលំ បន្ទាប់មកបានលង់ទឹកស្លាប់។
យោងតាមទីភ្នាក់ងារអាកាសធាតុបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ណូរូបានបន្តខ្យល់បក់ក្នុងល្បឿន 140 គីឡូម៉ែត្រ (87 ម៉ាយ) ក្នុងមួយម៉ោង និងខ្យល់ខ្លាំង 170 គីឡូម៉ែត្រ (105 ម៉ាយ) ក្នុងមួយម៉ោង ហើយកំពុងរំកិលឆ្ពោះទៅភាគខាងលិចចូលទៅក្នុងសមុទ្រចិនខាងត្បូង៕