សម្តេចតេជោ ហ៊ុន សែន និងអញ្ជើញជាអធិបត៎ីសម្ភោធដាក់អោយប្រើប្រាស់ ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបនៅថ្ងៃទី៤ មេសា
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងត្រៀមរៀបចំពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប នាពេលថ្មីៗនេះ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ បានណែនាំឱ្យសមាជិកសមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំពិធីសហការគ្នា ឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ អនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានល្អ សំដៅធានាឱ្យពិធីសម្ពោធបើក ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋា រចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប អាចប្រព្រឹត្តទៅដោយ រលូនតាមការគ្រោងទុក។
គួររំលឹកផងដែរថា កន្លងមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធាណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញ បច្ចេកទេសធ្វើការសិក្សាស្រាជ្រាវ គម្រោងហេដ្ឋារចនាសម្ព័ន្ធផែនការមេ ៣៨ខ្សែនេះ ព្រមទាំងបានធ្វើការជ្រើសរើស ប្លង់សម្រាប់កែលម្អផ្លូវវាងក្រុង និងផ្លូវមួយចំនួនទៀត ដើម្បីរំដោះការកកស្ទះចរាចរណ៍ តាមបណ្តោយផ្លូវសំខាន់ៗ និងបានដាក់ស្នើគម្រោង ថវិកាទៅរាជរដ្ឋាភិបាល ដែលបានបញ្ចេញកញ្ចប់ថវិកា ក្នុងចំនួនទឹកប្រាក់យ៉ាង ច្រើនសំដៅកែប្រែមុខមាត់ថ្មី នៃទឹកដីអង្គរនៃយើងឱ្យ កាន់តែមានភាពស្រស់បំព្រង និងកាន់តែមានភាពទាក់ទាញ។
លើសពីនេះទៀត ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ បានប្រើប្រាស់ថវិកាប្រកបដោយភាពវ័យឆ្លាត និងបត់បែនក្នុងការជ្រើសរើសផ្លូវអាទិភាព ធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធនេះមាន លក្ខណៈប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ និងមានទំហំផ្លូវស្របតាមភូមិសាស្ត្រ មានផ្លូវសម្រាប់គ្រប់មធ្យោបាយ រួមទាំងថ្មើរជើង មានគុណភាពរឹងមាំ និងរចនាឱ្យមានសោភ័ណភាព ទាក់ទាញបំផុតផងដែរ ៕