ខេត្តកំពង់ចាម នឹងរៀបចំប្រារព្ធពិធីប្រណាំងទូក ង ទ្រង់ទ្រាយធំ ដើម្បី ចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា នាពេលខាងមុខនេះ !
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំប្រារព្ធពិធីប្រណាំងទូក ង ទ្រង់ទ្រាយធំ និងការដាក់តាំងពិពណ៌ស្តីពី “ភូមិមួយផលិតផលមួយ” ដើម្បី ចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ឬក៏ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខ នៅក្នុងក្រុងកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ពិធីនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម ។ ការរៀបចំពិធីខាងលើនេះ ដើម្បី បង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត បានមកទស្សនាលេងកម្សាន្ត ។ ក្រៅពីនោះ ក៏មានការរៀបចំកម្មវិធីប្រគុំតន្រ្តី សប្បាយៗជាច្រើនប្រភេទទៀត ដើម្បី បង្កើនភាពសប្បាយ ជូនដល់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្ត ផងដែរ ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គណៈកម្មការរៀបចំពិធីប្រណាំងទូកខេត្ត ធ្វើការបូកសរុប ចំនួនទូក ង ទាំងអស់ ដែលមានក្នុងខេត្តដើម្បីបានដឹងអំពីចំនួនទូក ង សម្រាប់ធ្វើការបែង ចែកនិងរៀបចំការប្រណាំង ក្នុងពេលសមស្របដែលអាចធ្វើទៅបាន អាចរៀបចំប្រណាំង ។ ត្រូវពង្រឹងការទ្វឹកហាត់ដល់កីឡាករ ត្រូវធានាថា កីឡាករ កីឡាការិនីអុំទូកមានគ្រប់ចំនួនមិនអវត្តមាន គោរពបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុបតែងឱ្យមានសោភ័ណ្ឌភាព ហើយកីឡាករ កីឡាការិនីក៏ត្រូវមានឯកសណ្ឋានសមរម្យ ផងដែរ ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានជម្រុញ និងលើទឹកចិត្ត ដល់ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំ យកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុង និងពិធីប្រណាំងទូកក្នុងក្រុងកំពង់ចាម ត្រូវសំអាតអនាម័យបរិស្ថាន តុបតែងលម្អឱ្យបានសមរម្យ ធ្វើយ៉ាងណាបង្កើតបរិយាកាសសប្បាយរីក រាយជូនប្រជាពលរដ្ឋ។
គួរជម្រាបផងដែរថា បើយោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការបានបញ្ជាក់ថា ក្នុងពិធីនេះ មានទូកចូលរួមប្រណាំង ចំនួន ៤០ទូក ៕