ប៉ូលិសវៀតណាមបង្ក្រាបក្រុមរត់ពន្ធប្រាក់ដុល្លារនិងមាសសន្លឹកពីកម្ពុជា!
នគរបាលប្រឆាំងការរត់ពន្ធនៃប្រទេសវៀតណាម បានចាប់ក្រុមជនពាលបងធំ ដែលរត់ពន្ធទិញប្រាក់ដុល្លារ និងមាសសន្លឹកពីប្រទេសកម្ពុជា ចូលមកប្រទេសវៀតណាម។
ករណីនេះចាប់ខ្លួនកាលពីថ្ងៃពុធ ដោយនាយកដ្ឋានប្រឆាំងអំពើពុករលួយ ការរត់ពន្ធ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ច (PC03) សហការជាមួយប៉ូលីសនៅទីក្រុងហូជីមិញ និងខេត្តតៃនិញ ជាប់ព្រំដែនកម្ពុជា ដោយបានរត់ពន្ធមាស ១៩៨គីឡូក្រាម។
ឧត្តមសេនីយ To An Xo អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈវៀតណាម បាននិយាយថា ក្រុមបងធំដ៏ធំនេះបានដំណើរការអស់រយៈពេលជាយូរមកហើយ និងនៅតាមមូលដ្ឋានផ្សេងៗគ្នា។ ដោយបានរឹបអូសមាសចំនួន ១០៣ គីឡូក្រាម និងប្រាក់ដែលមានតម្លៃជាង ២,៨ លានដុល្លារ និង ២៦,៧ ពាន់លានដុង (១,១២ លានដុល្លារ)។
យ៉ាងណាមិញ ប៉ូលីសបានកំណត់អត្តសញ្ញាណមេក្លោងនៃក្រុមនេះរួចហើយ ប៉ុន្តែប៉ូលិសមិនទាន់បង្ហាញព័ត៌មានបន្ថែមទៀតទេ៕