មនុស្សរាប់សិបនាក់បានស្លាប់ក្នុងការរត់ជាន់គ្នា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅឥណ្ឌូនេស៊ី!
(CNA): ប៉ូលិសឥណ្ឌូណេស៊ី បាននិយាយថា មនុស្សយ៉ាងហោចណាស់ 129នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីហ្វូងមនុស្សរត់ជាន់គ្នា អំឡុងពេលកុប្បកម្មមួយនៅឯការប្រកួតបាល់ទាត់ក្នុងខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ប៉ូលីសបាននិយាយថា អ្នកគាំទ្រក្រុម Arema FC បានសម្រុកចូលទីលាននៅកីឡដ្ឋានមួយក្នុងទីក្រុង Malang ភាគខាងកើត បន្ទាប់ពីក្រុមរបស់ពួកគេចាញ់ Persebaya Surabaya 3-2 កាលពីយប់ថ្ងៃសៅរ៍។
ប្រភពពីប៉ូលិសបាននិយាយថា ប៉ូលីសបានព្យាយាមបញ្ចុះបញ្ចូលអ្នកគាំទ្រឱ្យត្រឡប់ទៅកន្លែងឈរវិញ ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីគ្រប់គ្រង “កុបកម្ម” បន្ទាប់ពីមន្ត្រីពីរនាក់ត្រូវបានសម្លាប់។
បន្ទាប់មក អ្នកគាំទ្ររាប់រយនាក់បានផ្អើលរត់ទៅកាន់ច្រកចេញមួយដើម្បីជៀសវាងឧស្ម័នបង្ហូរទឹកភ្នែក។ ខ្លះថប់ដង្ហើម ខ្លះទៀតត្រូវជាន់គ្នាស្លាប់។ ខណៈដែលកីឡដ្ឋាននេះ អាចផ្ទុកមនុស្សបាន 42,000 នាក់ហើយមនុស្សប្រហែល 3,000 នាក់បានសម្រុកចូលទីលាន។ រថយន្តនៅខាងក្រៅកីឡដ្ឋានក៏ត្រូវបានគេដុតផងដែររួមទាំងរបស់ឡានប៉ូលីស។
លីគកំពូលឥណ្ឌូនេស៊ី BRI Liga 1 បានផ្អាកការប្រកួតរយៈពេលមួយសប្តាហ៍ បន្ទាប់ពីការប្រកួតកាលពីថ្ងៃសៅរ៍។
ទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយថា Arema FC និង Persebaya Surabaya គឺជាគូប្រជែងសុីសាច់ហុតឈាមនឹងគ្នាយូរយាមកហើយ ហើយលទ្ធផលកាលពីថ្ងៃសៅរ៍បាន បញ្ឆេះកំហឹងអ្នកគាំទ្រផ្ទុះហិង្សារផ្អើលកីឡាដ្ឋាន។
យ៉ាងណាមិញ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសុំទោសចំពោះឧបទ្ទវហេតុនេះ ហើយបានសន្យាថានឹងស៊ើបអង្កេតជាក់លាក់មួយលើករណីជុំវិញការរត់ជាន់គ្នានេះ។
សោកនាដកម្មនេះកើតឡើងខណៈប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ FIFA ក្រោមអាយុ 20 ឆ្នាំ U20 នៅខែឧសភា និងមិថុនា នៃការប្រកួត Asian Cup នៅឆ្នាំក្រោយ បន្ទាប់ពីប្រទេសចិនបានដកខ្លួនចេញពីធ្វើជាម្ចាស់ផ្ទះ។
គួររំលេឹថា គ្រោះមហន្តរាយក្នុងកីឡដ្ឋានផ្សេងទៀតរួមមានការប៉ះទង្គិចគ្នាក្នុងឆ្នាំ 1964 នៅឯការប្រកួតជម្រុះអូឡាំពិកប៉េរូ-អាហ្សង់ទីននៅពហុកីឡដ្ឋានជាតិរបស់លីម៉ា ដែលបានសម្លាប់មនុស្សប្រហែល 320 នាក់ និងសោកនាដកម្មកីឡដ្ឋាន Port Said ឆ្នាំ 2012 នៅក្នុងប្រទេសអេហ្ស៊ីប ដែលមនុស្ស 74 នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា៕