សម្តេចប៉ាប ហ្វ្រង់ស៊ីស អង្វរពូទីន ឱ្យបញ្ឈប់ “អំពើហិង្សា និងការស្លាប់រង្គាល”នៅអ៊ុយក្រែន!
(ALjazeera)៖ សម្តេចប៉ាប Francis កាលពីថ្ងៃអាទិត្យបានអំពាវនាវនៅទីលាន St Peter’s ដោយផ្ទាល់ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាលើកដំបូងឲ្យបញ្ឈប់«អំពើហិង្សា និងការស្លាប់» នៅក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា ព្រះអង្គឮសម្រែកយំសោកនៃព្រលឹងខ្មោចជាច្រើនដែលក្លាយជា «ទន្លេនៃឈាម និងទឹកភ្នែក»។
ព្រះអង្គ Francis ជារឿយៗបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការស្លាប់ដែលវាបានបង្កឡើង ប៉ុន្តែវាគឺជាលើកទីមួយហើយដែលគាត់បានធ្វើការអំពាវនាវដោយផ្ទាល់ទៅកាន់លោកពូទីន។
ព្រះអង្គមានបន្ទូលថា “ការអំពាវនាវរបស់ខ្ញុំគឺលើសពីអ្វីទាំងអស់ទៅកាន់ប្រធានសហព័ន្ធរុស្ស៊ី ដោយសុំឱ្យគាត់បញ្ឈប់អំពើហិង្សា និងការស្លាប់នេះ”។
ជាមួយគ្នានោះ ព្រះអង្គក៏បានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ពិចារណាលើសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាផងដែរ។
ដោយព្រះអង្គមានបន្ទូលថា “ម្យ៉ាងវិញទៀត ដោយការឈឺចាប់ដោយសារការរងទុក្ខដ៏ធំរបស់ប្រជាជនអ៊ុយក្រែន បន្ទាប់ពីការឈ្លានពានដែលវាបានទទួលរងនោះ ខ្ញុំសូមធ្វើការអំពាវនាវដោយក្តីសង្ឃឹមស្មើៗគ្នាទៅកាន់ប្រធានាធិបតីអ៊ុយក្រែន ដើម្បីបើកចំហចំពោះសំណើសន្តិភាពដ៏ធ្ងន់ធ្ងរមួយ”។
សុន្ទរកថាដ៏ស្រងូតស្រងាត់នេះ វាត្រូវបានរំឮកដល់ការអំពាវនាវសន្តិភាពតាមវិទ្យុដោយសម្តេចប៉ាប Pope John XXIII ក្នុងឆ្នាំ ១៩៦២ អំឡុងពេលវិបត្តិសង្គ្រាមមីសុីលនៅគុយបា។
គួររំលេឹថា ថ្មីៗនេះ លោកពូទីនបានប្រកាសការបញ្ចូលតំបន់ចំនួនបួនដែលកាន់កាប់ដោយផ្នែកអ៊ុយក្រែនដោយហៅអ្នកស្រុកនៃតំបន់ Donetsk, Luhansk, Kherson និង Zaporizhia ដែលកាន់កាប់របស់អ៊ុយក្រែនថា “ពលរដ្ឋរបស់យើងជារៀងរហូត” ។
យ៉ាងណាមិញ អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបានថ្កោលទោសការបញ្ចូលឧបសម្ព័ន្ធនេះថាខុសច្បាប់ ហើយទីក្រុង Kyiv បាននិយាយថា ខ្លួននឹងបន្តប្រយុទ្ធដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែនទាំងអស់មកវិញ៕