ឯកឧត្តម វង្ស ពិសេន៖ កម្ពុជាមានមេដឹកនាំល្អ សង្គមជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃ!
(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានលើកឡើងថា កម្ពុជាមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃ ដោយសារមានមេដឹកនាំល្អ នៃគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត អាយុជីវិត រំដោះជាតិចេញផុតពីសង្រ្គាមរ៉ាំរ៉ៃជាច្រើនទស្សវតន៍។
«កម្ពុជាមានភ័ព្វសំណាង ដោយមានមេដឹកនាំល្អ ប្រកបដោយបញ្ញាញាណឈ្លាសវៃ ពោរពេញដោយបទពិសោធន៍ និងភាពអង់អាចក្លាហាន នោះគឺ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ កម្ពុជាស្គាល់នូវពន្លឺសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម វង្ស ពិសេន នៅក្នុងឱកាសចុះជួបមន្រ្តីក្រុមប្រឹក្សាឃុំ សមាសភាពភូមិ ប៉ុស្តិ៍រដ្ឋបាល គិលានុបដ្ឋាក លោកគ្រូអ្នកគ្រូ និងយុវជនយុវនារី នៅទូទាំងឃុំរាប ស្រុកពារាំង នាព្រឹកថ្ងៃទី២៦ មីនានេះ។
ឯកឧត្តមបន្តថា ក្នុងកាលៈទេសៈបច្ចុប្បន្នដែលកម្ពុជាបានជួបនឹងវិបត្តិជំងឺរាតល្បាតសាកលកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាព អាយុជីវិត សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាជន ដែលនេះជាបន្ទុកថ្មីមួយសម្រាប់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធវីធីនិងយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ ពិសេសការស្វែងរករកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ។
ឯកឧត្តមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រាជដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ជាមួយនឹងការរំពឹងទុកកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ពី៤ទៅ៥ភាគរយ ក្នុងករណីដែលកម្ពុជាមិនមានការរាតត្បាតជំងឺកូវីដ១៩ជាថ្មី។
ទោះយ៉ាងណា ឯកឧត្តមប្រធានក្រុមការងារ មិនភ្លេចផ្តាំផ្ញើដល់មន្ត្រីក្រុមការងារគ្រប់ថ្នាក់ ឲ្យបន្តជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានគ្រប់គ្នា ព្រមទាំងអនុវត្តខ្ជាប់ខ្ជួននូវវិធាន ៣កុំ និង៣ការពារ ៕