លោក គីម រិទ្ធី និង អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយផ្ដល់ជូនពលរដ្ឋរងការលិចផ្ទះ!
(ព្រះវិហារ) ៖អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្តនាព្រឹកថ្ងៃទី៥ ខែតុលា បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្ដល់ជូនពលរដ្ឋរងការលិចលង់ផ្ទះសម្បែងនៅចំណុចអូរបាក់។
តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទៅផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែងចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ ចំណុចអូរបាក់សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។
ក្នុងនោះប្រជាពលរដ្ឋចំនួន២៣គ្រួសារ បានទទួលអំណោយនៅទីទួលសុវត្ថិភាព។
រីឯ៦គ្រួសារទៀតត្រូវបាន នាំយកអំណោយទៅផ្ដល់ជូនផ្ទាល់ដល់លំនៅឋានដែលរងការលិចលង់។
អំណោយដែលយកទៅផ្ដល់ដល់ពលរដ្ឋនាពេលនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម-តង់១-មី១កេស-ប៊ីចេង១កញ្ចប់-ទឹកស៊ីអ៊ីវ១ដប និងត្រីខ៥កំប៉ុង៕