អតីតប៉ូលិសម្នាក់បានសម្លាប់កុមារជាច្រើននាក់ក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលថែទាំកុមារនៅប្រទេសថៃ!
CNA៖ ប៉ូលីសថៃបាននិយាយថា ខ្មាន់កាំភ្លើងជាអតីតប៉ូលីសម្នាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧ នាក់ ក្នុងនោះរួមមានកុមារ ២២ នាក់ ដោយបាញ់ប្រហារដោយបាញ់កាំភ្លើង និងកាំបិត ស្ថិតនៅមណ្ឌលថែទាំកុមារនៅ Uthai Sawan ដែលមានចម្ងាយ ៥០០គីឡូម៉ែត្រភាគឦសាននៃទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែតុលា ឆ្នាំ២០២២នេះ។ ក្រោយមកជនសង្ស័យបានបាញ់សម្លាប់ប្រពន្ធ និងកូននៅផ្ទះរបស់ពួកគេ មុនពេលបាញ់សម្លាប់ខ្លួនឯង។
ប៉ូលិសបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងថា ជាអតីតសមាជិកនៃកងកម្លាំងដែលត្រូវបានបណ្តេញចេញពីមុខតំណែងកាលពីឆ្នាំមុនជុំវិញការចោទប្រកាន់គ្រឿងញៀន ហើយរូបគេកំពុងប្រឈមនឹងការកាត់ទោសលើបទចោទប្រកាន់គ្រឿងញៀនផងដែរ។
អ្នកនាំពាក្យប៉ូលិសលោក ផៃសាល លឿសុប៊ុន Paisal Luesomboon បានប្រាប់ទូរទស្សន៍ ThaiPBS ថា “បុរសនោះ ដំបូងឡើយបានចូលបង្ហាញខ្លួននៅតុលាការកាលពីព្រឹកមិញ ហើយបានបន្តដំណើរទៅមណ្ឌលថែទាំកុមារខាងលើ ដើម្បីទៅយកកូនរបស់គាត់ ។ ប៉ុន្តែនៅពេលទៅដល់បែជាគាត់រកមិនឃើញកូនរបស់គាត់នៅទីនោះ ហើយគាត់បានចាប់ផ្តើមការបាញ់ប្រហារសម្លាប់តែម្តង”។
ប្រភពពីសាក្សីនៅក្នុងហេតុការណ៍បានប្រាប់ថា “អ្នកវាយប្រហារបានបង្ខំគាត់ចូលទៅក្នុងបន្ទប់រួចចាក់សោ។បនមទាប់មករូបគេបានចូលក្នុងបន្ទប់ក្មេងៗកំពុងដេករួចបានសម្លាប់កុមារនៅទីនោះដោយកាំបិត និងគ្រូបង្រៀនដែលមានផ្ទៃពោះប្រាំបីខែក៏ត្រូវបានចាក់សម្លាប់ដែរ”។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook បានហៅការបាញ់ប្រហារនេះថាជា “ឧប្បត្តិហេតុដ៏រន្ធត់បំផុត”។
លោកនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំបានបញ្ជាឱ្យមេប៉ូលីសធ្វើដំណើរទៅកន្លែងកើតហេតុភ្លាមៗដើម្បីចាត់វិធានការចាំបាច់និងគ្រប់ភាគីពាក់ព័ន្ធក្នុងការផ្តល់ជំនួយសង្គ្រោះភ្លាមៗដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់” ។
គួរជម្រាបថា ច្បាប់កាំភ្លើងមានភាពតឹងរ៉ឹងខ្លាំងក្នុងប្រទេសថៃ ដែលការកាន់កាប់អាវុធខុសច្បាប់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។ ប៉ុន្តែកម្មសិទ្ធិស្របច្បាប់នៃការកាន់កាប់អាវុធនៅក្នុងប្រទេសថៃគឺខ្ពស់បើធៀបនឹងប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍។
គួររំលេឹថា ការបាញ់ប្រហារទ្រង់ទ្រាយធំនៅក្នុងប្រទេសថៃនៅតែជារឿងដ៏កម្រ ដូចជានៅឆ្នាំ ២០២០ ទាហានម្នាក់ខឹងសម្បារចំពោះកិច្ចព្រមព្រៀងអចលនទ្រព្យបានសម្លាប់មនុស្សយ៉ាងតិច ២៩ នាក់ និងរបួស ៥៧ នាក់នៅក្នុងការបាញ់ប្រហារលើទីតាំងចំនួន ៤ នៅក្នុងប្រទេស៕