កូរ៉េខាងជើងថា៖ ការពារការបាញ់មីស៊ីលនេះជាការប្រឆាំងនឹងការគំរាមកំហែងពីសំណាក់អាមេរិក!
កូរ៉េខាងជើងថា៖ ការពារការបាញ់មីស៊ីលនេះជាការប្រឆាំងនឹងការគំរាមកំហែងពីសំណាក់អាមេរិក!
(ALjazeera): ប្រទេសកូរ៉េខាងជើងបានបង្ហាញវិសាលភាពនៃការបាញ់មីស៊ីលផ្លោងនាពេលថ្មីៗនេះថា ជាការការពារស្របច្បាប់ ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងដែលមានអាយុកាលរាប់ទសវត្សរ៍ដោយកងកម្លាំងយោធាសហរដ្ឋអាមេរិក។
នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយកាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីមន្ត្រី និងសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍របស់ប្រទេសនេះថា ការបាញ់មីស៊ីលនេះ ក៏មិនប៉ះពាល់ដល់សុវត្ថិភាពនៃអាកាសចរណ៍ស៊ីវិល ឬបង្កការគំរាមកំហែងដល់ប្រទេសជិតខាងនោះទេ។
សេចក្តីថ្លែងការណ៍របស់ទីក្រុងព្យុងយ៉ាង ធ្វើឡើងនេះគឺដើម្បីឆ្លើយតបទៅនឹងការរិះគន់នាពេលថ្មីៗនេះ ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់អង្គការសហប្រជាជាតិ ជុំវិញការបាញ់មីស៊ីលចំនួនប្រាំមួយគ្រាប់របស់កូរ៉េខាងជើងក្នុងរយៈពេល 12 ថ្ងៃ រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលបានហោះពីលើប្រទេសជប៉ុនកាលពីថ្ងៃអង្គារ។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍គឺជាការស្តីបន្ទោសដល់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងការថ្កោលទោសនាពេលថ្មីៗនេះចំពោះការបាញ់មីស៊ីលដែលស្ថាប័នអង្គការសហប្រជាជាតិបាននិយាយថា កូរ៉េខាងជើងបានបង្កហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរដល់អាកាសចរណ៍អន្តរជាតិ។
ទោះជាយ៉ាងណា KCNA រាយការណ៍ថា ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនចាត់ទុកការរិះគន់បែបនេះថាជា “ការញុះញង់ផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក និងកងកម្លាំងមហាអំណាចរបស់ខ្លួន ក្នុងគោលបំណងរំលោភលើអធិបតេយ្យភាពរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ” ។
គួរជម្រាបថា ទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនលំហាត់សមយុទ្ធយោធារួមគ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបានធ្វើសមយុទ្ធកងទ័ពជើងទឹកបន្ថែម ដែលពាក់ព័ន្ធនឹងក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Ronald Reagan របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ ហើយមន្ត្រីនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានព្រមានជាច្រើនខែថា ទីក្រុងព្យុងយ៉ាងក៏អាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរមួយផ្សេងទៀតផងដែរ ដែលទំនងជាបន្ទាប់ពីសមាជបក្សរបស់ប្រទេសចិននៅថ្ងៃទី 16 ខែតុលាខាងមុខនេះ៕