រុស្ស៊ីតែងតាំងមេបញ្ជាការយោធាថ្មី ត្រៀមប្រយុទ្ធវាយលុកនៅអ៊ុយក្រែន!
(CNBC): ប្រទេសរុស្ស៊ី បានតែងតាំងមេបញ្ជាការយោធាថ្មី កាលពីថ្ងៃសៅរ៍ ដើម្បីដឹកនាំកងទ័ពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទទួលរងនូវការបរាជ័យផ្នែកយោធាជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
លោកឧត្តមសេនីយ៍ Sergey Surovikin វ័យ ៥៥ឆ្នាំពីមុនបានដឹកនាំកងកម្លាំងរុស្ស៊ីធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរី។ ខណៈដែលនៅទីនោះ លោកត្រូវបានអន្តរជាតិចោទប្រកាន់ថា បានប្រើយុទ្ធសាស្ត្រយោធាដ៏ឃោរឃៅ និងចម្រូងចម្រាស ដូចជាការទម្លាក់គ្រាប់បែកសម្លាប់មិនរើសមុខដោយបានសម្លាប់ជនសុីវិលរាប់មុឺននាក់លើទីតាំងរឹងមាំប្រឆាំងរដ្ឋាភិបាលសុីរី។
លោក Surovikin ទទួលបានភាពល្បីល្បាញជាលើកដំបូងក្នុងនាមជាឧត្តមសេនីយ៍បន្ទាប់ពីបានបញ្ជាឱ្យកងទ័ពបាញ់ទៅលើក្រុមអ្នកតវ៉ាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ 1990 ។
ហើយនេះ ជាលើកទីមួយហើយ ដែលរុស្ស៊ីបានដាក់ឈ្មោះមេបញ្ជាការរូបនេះ ជាមួយនៃយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន។ បន្ទាប់ពីការបណ្តេញចេញពីតំណែងនៃមេបញ្ជាការកងទ័ពរុស្ស៊ីពីររូបកាលពីដើមសប្តាហ៍នេះ។
យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថារហូតមកដល់ពេលនេះលោក Surovikin បានដឹកនាំកងកម្លាំង “ភាគខាងត្បូង” នៅអ៊ុយក្រែន ក្រោយការផ្ទុះដ៏ធំមួយនៅស្ពាន Crimea របស់រុស្ស៊ី ដែលធ្វើអោយទីក្រុងម៉ូស្គូមានការវាយលុកយ៉ាងខ្លាំង។
ទោះជាយ៉ាងណា តួនាទីថ្មីរបស់លោក Surovikin នឹងពាក់ព័ន្ធនឹងការពង្រឹងឡើងវិញ នូវការវាយលុករបស់រុស្សី ដែលបានបាត់បង់កងទ័ព បរិក្ខារ និងទឹកដីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលផ្នែកខ្លះត្រូវបានបញ្ចូលនៅចុងខែកញ្ញាកន្លងមកនេះ៕