លោក អ៊ុន ចាន់ដា ចុះពិនិត្យដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ខូចខាតដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់ !
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ខូចខាតដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដេីម្បីដោះស្រាយជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតប្រមាណជាង៧០០ហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវរងការខូចខាតបង្ករឲ្យមានការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីជំនាញ ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វេីយ៉ាងណាត្រូវស្រង់ទិន្នន័យឲ្យបានច្បាស់លាស់ចំពោះផលដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាត ឲ្យបានឆាប់រហ័ស ដេីម្បីរាយការណ៍ជូនគណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដេីម្បីស្នើសុំពូជស្រូវយកទៅចែកជូនប្រជាពលរដ្ឋជាបន្ទាន់ ឲ្យពួកគាត់ធ្វើការដាំដុះស្តាឡើងវិញឲ្យទាន់ពេលវេលា ក្នុងពេលឆាប់ៗនេះ ។
តាមមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ បណ្ដាលឲ្យប៉ះពាល់ និងខូចខាតដំណាំស្រូវ របស់ប្រជាពលរដ្ឋចំនួន ៧៦១ហិកតា ស្មេីនឹង ១,៤៤៦ គ្រួសារ ក្នុងឃុំទាំង ៦ នៃស្រុកស្ទឹងត្រង់ ដែលត្រូវស្ដារឡើងវិញ ក្នុងនោះរួមមាន៖ ១.ឃុំពាមកោះស្នា ប៉ះពាល់ ៨ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ២៧០ហិចតា។ ២.ឃុំខ្ពបតាង៉ូន ប៉ះពាល់ ៦ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១៦៣ហិចតា។ ៣.ឃុំអារក្សត្នោត ប៉ះពាល់២ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១១៥ហិចតា។ ៤.ឃុំព្រែកបាក់ ប៉ះពាល់ ៤ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧៧ហិចតា។ ៥.ឃុំព្រែកក់ ប៉ះពាល់ ៨ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧១ហិចតា។ ៦.ឃុំព្រះអណ្ដូង ប៉ះពាល់ ៣ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៦៥ហិចតា ៕