UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់!
នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធសប្ដាហ៍នេះ ៣ភាគ៤នៃសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេស ឬស្មើនឹង១៤៣ប្រទេស បានបោះឆ្នោតគាំទ្រលើដំណោះស្រាយថ្កោលទោសរុស្ស៉ី ហើយទទួលស្គាល់អធិបតេយ្យ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតនេះ អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំ UN លោក សឺជី គីស្លីតស៊ីយ៉ា Sergiy Kyslytsya បានបញ្ជាក់ថា វាជារឿងដ៏អស្ចារ្យ ខណៈអគ្គរដ្ឋទូតអាមេរិក លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បាននិយាយថា លទ្ធផលបោះឆ្នោតនេះបានបង្ហាញឱ្យឃើញដែរថារុស្ស៉ីមិនអាចសម្លុតគំរាមពិភពលោកបានឡើយ។
គួរបញ្ជាក់ថា មានប្រទេសចំនួន៤ បានចូលរួមជាមួយរុស្ស៉ី ក្នុងការបោះឆ្នោតជំទាស់នឹងដំណោះស្រាយខាងលើ ក្នុងនោះរួមមាន ស៊ីរី នីការ៉ាហ្កា កូរ៉េខាងជើង និងបេឡារុស ខណៈប្រទេសចំនួន ៣៥ រួមមានចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប៉ាគីស្ថានបានបោះឆ្នោតអនុបវាទ ហើយប្រទេសមួយ ចំនួនទៀតមិនបានបោះឆ្នោតទេ។ រុស្ស៉ីកាលពីខែកញ្ញាកន្លងទៅ បានប្រកាសកាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន ដូចជាដូណេត លូហាន ហ្សាប៉ូរីសហ្ស៉ីយ៉ា និងខឺសុន បញ្ចូលក្នុងឧបសម្ព័ន្ធទឹកដីរបស់ខ្លួនដែលអ៊ុយក្រែន និងលោកខាងលិចចាត់ទុកថាជាទង្វើខុសច្បាប់ និងមិនចេះអៀនខ្មាស៕