សមត្ថកិច្ចនគរបាលខេត្តព្រៃវែងឃាត់ខ្លួននាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១បន្ទាប់បាញ់ប្រហារប្រពន្ធចុងស្លាប់ក្នុងថ្លុកឈាម!
(ព្រៃវែង)៖លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី ២៦ខែមីនាឆ្នាំ ២០២២ នេះក្នុងករណីបាញ់ប្រហារប្រពន្ធចុងបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។
សមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានឲ្យដឹងថាមានករណីបាញ់ប្រហារបណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមកាលវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៤ខែមីនាឆ្នាំ២០២២នៅចំណុចលើផ្លូវលំមុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថាជនសង្ស័យឈ្មោះម៉ៅ សុវណ្ណហុង ភេទប្រុស អាយុ ៥៣ឆ្នាំ ជានាយប៉ុស្តិនគរបាលរដ្ឋបាលព្នៅទី១ ។ រស់នៅភូមិផាត់សណ្តោង ឃុំព្នៅទី១ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ ចំណែកឯជនរងគ្រោះ ឈ្មោះ សុខ មួយ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាល ត្រូវជាប្រពន្ធ ចុងជនសង្ស័យ។
សមត្ថកិច្ចបានបញ្ជាក់ថានៅក្នុងហេតុការណ៍នេះជនសង្ស័យ បានយកអាវុធខ្លី ១ ដើម ម៉ាក k ៥៤ ពីកាតាបបាញ់ទៅលើជនរងគ្រោះចំនួន ៤គ្រាប់ តែផ្ទុះ២គ្រាប់ ត្រូវចំក្បាល១គ្រាប់ និង ក១ គ្រាប់ បណ្តាលឲ្យដួលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
*មូលហេតុ ដែលឈានទៅដល់ការបាញ់ប្រហារគ្នានេះគឺមានទំនាស់ពាក្យសំដីតាមផ្លូវ ក្រោយពីចេញកម្មវិធីខួបកំណេីតកូនអ្នកភូមិជាមួយគ្នា។
សូមបញ្ជាក់ថានៅក្នុងហេតុការណ៍បាញ់ប្រហារនេះក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោព្រំសន្ធរ ស្នងការនគរបាលខេត្តព្រៃវែងនិងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីពៅ ជីវីស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌចុះដឹកនាំកម្លាំងទាំង យប់ឈានទៅដល់ការឃាត់ខ្លួននាយប៉ុស្តិ៍នគរបាលរដ្ឋបាលញ្នៅទី១បានភ្លាមៗដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
បើតាមសមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្ដាលបានអះអាងថាទោះបីមានឋានៈតួនាទីជានាយប៉ុស្តិ៍ក៏ដោយអោយតែធ្វើខុសនឹងច្បាប់ត្រូវមានទោសទណ្ឌដូចប្រជាពលរដ្ឋធម្មតាដែរដូច្នេះយើងទាំងអស់គ្នាត្រូវតែគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន៕