ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ នៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ១.៤៤៥គ្រួសារ ទទួលបានអំណោយពូជស្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អមដំណើរដោយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្ដម ជាអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចែកពូជស្រូវ ជាប្រពន្ធ័ស្បៀងបំរុងកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ មកពីឃុំចំនួន ៦ នៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ១.៤៤៥គ្រួសារ ស្មើនឹងស្រូវពូជចំនួន ១០៧.៦០០គីឡូក្រាម ។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ស្រូវពូជទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គ ដើម្បី យកទៅស្ដារឡើងវិញបាន ក្រោយរងផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គ នាពេលកន្លងមក ។ ក្នុងនាមប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទន្លេមេគង្គ ចំនួន ១.៤៤៥គ្រួសារ នៅឃុំចំនួន ០៦ ក្នុងស្រុកស្ទឹងត្រង់ សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ពូជស្រូវ ចំនួន ១០៧.៦០០គីឡូក្រាម សម្រាប់ការស្តារឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេមេគង្គ មកនោះ ។
នាឱកាសនោះ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានា ។ ជាពិសេស នៅថ្ងៃនេះសម្តេចតេជោ បានចាត់តាំងរូបឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បី នាំយកស្រូវពូជរបស់រាជរដ្ឋាភិបាល សម្រាប់ស្តារឡើងវិញ បន្ទាប់ពីជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បី បងប្អូនមានលទ្ធភាព ក្នុងបង្កបង្កើនផលបានទាន់ពេលវេលា និងបង្កើនសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនប្រជាកសិករ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម